កាកបាទក្រហមកម្ពុជា រៀបចំពិធី «សារៈប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩»

ភ្នំពេញ ៖ ប្រភពពីខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ ថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រៀបចំពិធីសំណេះ សំណាល និងផ្សព្វផ្សាយជាលើកទី៥ ស្តីពី «សារប្រយោជន៍នៃការមក ពិនិត្យផ្ទៃពោះ និងការ ថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩» ជូនដល់ស្ត្រី មានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួចចំនួន ៣៦នាក់ នៅមណ្ឌលសុខភាពអន្លង់ក្ងាន ក្នុង ភូមិសែនសុខទី៥ រាជធានីភ្នំពេញ។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុម ការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការ សកម្មភាពរួមអគ្គ លេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើ សួរសុខទុក្ខគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកោតសរសើរចំពោះស្ត្រីមាន ផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនទាំងអស់ ដែលមានការយល់ដឹងយ៉ាងច្បាស់ពីសារៈ ប្រយោជន៍ នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលមានការរាតត្បាតជា សកលនៃជំងឺកូវីដ-១៩ និងសូមផ្តាំផ្ញើជូនបងប្អូនស្ត្រីទាំងអស់ សូមបន្តថែទាំ សុខភាពឱ្យ បានល្អអនុវត្តន៍តាមការ ណែនាំរបស់គ្រូពេទ្យ និងរស់នៅធម្មតាតាមបែបគន្លងថ្មី។

បន្ទាប់ពីបានស្តាប់ការបកស្រាយពីវាគ្មិនជាមន្ត្រីសាខាកាកបាទក្រហមកម្ពុជា រាជធានី ភ្នំពេញ អំពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុង ពេលនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩រួចមក បងប្អូនស្ត្រីទាំងអស់ រឹតតែមានការយល់ ដឹងកាន់តែច្បាស់ ជាពិសេស អំពីការរស់នៅធម្មតា តាមបែបគន្លងថ្មី, ការទៅពិនិត្យផ្ទៃពោះ ទៀងទាត់, ការបរិភោគអាហារូបត្ថម្ភទាំង៣ក្រុម (អាហារថាមពល អាហារសាងសង់ និងអាហារការពារ), ការទទួលថ្នាំជាតិដែក, សញ្ញាគ្រោះថ្នាក់ផ្សេងៗមុនសម្រាល និងការ ត្រៀមលក្ខណៈមុនពេលសម្រាល។ បន្ទាប់ពីសម្រាលរួច ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន តាមការកំណត់របស់គ្រូពេទ្យ និងទទួលថ្នាំបង្ការជំងឺ១១មុខ ហើយបំបៅកូនដោយ ទឹកដោះ ម្តាយតែមួយមុខគត់រហូតដល់ទារកមានអាយុ ៦ខែ ព្រមទាំងផ្តល់អាហារ បន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយ រហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ។

សូមបញ្ជាក់ថា ស្ត្រីទាំង ៣៦នាក់ បានទទួលវត្ថុអនុស្សាវរីយ៍ពីសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងម្នាក់ៗទទួលបាន៖ កន្សែងពោះគោធំ១, កន្សែងជូតខ្លួន ទារក១, សាប៊ូ២ដុំ, ជែលលាងដៃ១ដប, អាល់កុល ១ដប, ម៉ាស់ ១០បន្ទះ, អង្ករ ៣០គីឡូក្រាម, មី ១កេស, ទឹកសុទ្ធ ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, និងថវិកា ៥០.០០០រៀល៕(ប្រភព ៖AKP )