ប្តឹងសមត្ថកិច្ចឱ្យចាប់ប្តីដែលបាត់ពីភ្នំពេញទៅសំងំជាមួយស្រីស្នេហ៍នៅខេត្តសៀមរាប

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថខេត្តសៀមរាប កំលាំងការិយាល័យប្រឆាំង ការជួ ញដូរមនុស្ស ០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្រ្កាប បទល្មើស បានចុះដល់បន្ទប់Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ កំលាំងជំនាញបានឃាត់ខ្លួនឈ្មោះ ស្រ្តីម្នាក់អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ហៀក ចាន់លាង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីរាជការ។

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប អ្នកទាំង២នាក់ទៅការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើ«ផិត»។ ក្រោយពីការស្តាប់ចម្លើយក្នុងការិយាល័យជំនាញ កម្លាំងជំនាញបានឃាត់ខ្លួនឈ្មោះ ហៀក ចាន់លាង កសាងសំណុំរឿងបញ្ជួនមកសាលាដំបូងខេត្តសៀមរាប ចំណែកស្រ្តីម្នាក់ដែលជាគូស្នេហ៍ ត្រូវបានអនុញ្ញាតអោយត្រលប់ទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ថា ការបង្រា្កបនេះ គឺធ្វើតាមបណ្តឹងពីស្រ្តីម្នាក់ អាយុ៤១ឆ្នាំ មុខរបរមន្រ្តីរាជការ មានទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាភរិយាស្របច្បាប់របស់លោក ហៀក ចាន់លាង ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៕