ក្រសួងបរិស្ថាន ៖ ការទិញដូរដីក្នុងតំបន់ការពារធម្មជាតិជាទង្វើខុសច្បាប់នឹងត្រូវផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯ.ឧ នេត្រ ភក្ត្រា បានព្រមានចាត់វិធានការផ្លូវច្បាប់អ្នកដែលទិញ-លក់ដីក្នុងតំបន់ការពារធម្មជាតិ ព្រោះ ការទិញដូរដីក្នុងតំបន់ដែនអភិរក្សជាខុសច្បាប់។

នៅក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័នទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ កាលពីចុងសប្តាហ៏កន្លងទៅ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ឯ.ឧ នេត្រ ភក្ត្រា បានមានប្រសាសន៏ថា ការទិញ-លក់ដី ក្នុងតំបន់ការពារធម្មជាតិជារឿងខុសច្បាប់ធ្ងន់ធ្ងរ។ ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះជនល្មើស ដែលនៅតែបន្តទិញលក់ដីក្នុង តំបន់ការពារធម្មជាតិ។ ឯ.ឧ អ្នកនាំពាក្យ បន្តថា ជនល្មើសជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

លោកស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានបន្ថែមថា បទល្មើសព្រៃឈើភាគច្រើន នៅក្នុងតំបន់ការពារធម្មជាតិ គឺការការរានដីព្រៃធ្វើជាកម្មសិទ្ធិ និងកាប់ រានសម្រាប់ធ្វើកសិកម្ម។ ក្នុងនាមអាជ្ញាធរខេត្ត បានជម្រុញការកាត់ខ្វៀលដី ជូនពលរដ្ឋ អាស្រ័យផលជាក់ស្តែង និងហាមពលរដ្ឋកាប់រានដីព្រៃថ្មីទៀត។

សូមជំរាបថា នៅក្នុងខេត្តព្រះវិហារ មានតំបន់ការពារធម្មជាតិចំនួន១០កន្លែង ដែលមានផ្ទៃដី៩៦ម៉ឺន ៥ពាន់ហិចតា និងមានមន្ត្រីឧទ្យានុរក្សចំនួន៨៨នាក់។ ប៉ុន្តែចំនួនមន្ត្រីឧទ្យានុរក្សតិច ដែលធ្វើឲ្យមានការលំបាកក្នុងកិច្ចការងារអភិរក្សព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជំរកសត្វព្រៃនៅកម្ពុជា៕