ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន អាស្ត្រាហ្សេនីកា (Astra Zeneca) ដែលទទួលស្គាល់ដោយអង្គការ WHO រួចរាល់ហើយនៅមន្ទីរពេទ្យកាល់ម៉ែត។
នាឱកាសនេះដែរ ក្រៅពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏មានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន អាស្ត្រាហ្សេនីកា នេះផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ហ៊ុន សែន ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។
វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូបចាក់នៅថ្ងៃនេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នៃអង្គការសុខភាពពិភពលោក( WHO)។
វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤.០០០ដូស កាលពីព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕


































