ខេត្តសៀមរាប ៖ ជនដៃដល់ដែលសម្លាប់ស្ដ្រីម្នាក់ជាបុគ្គលិកកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ នៅខេត្តសៀមរាប។

បើតាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងតំណាងអយ្យការតុលាការផងដែរ។
លោក សិទ្ធិ ឡោះ បញ្ជាក់ថា នេះជាករណីរំលោភសម្លាប់ ហើយនៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច ក៏ដកហូតបានកាំបិតដែលជាវត្ថុតាងសម្រាប់ធ្វើសកម្មភាព។ បច្ចុប្បន្នជនដៃដល់ កម្លាំងជំនាញកំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
គួររំលឹកថា ស្ដ្រីបុគ្គលិកកាស៉ីណូម្នាក់ ត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ជួលនៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្ដ្រីជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកកាស៉ីណូមួយ ស្នាក់នៅបន្ទប់ជួលលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
































