កាន់តែថ្លើមធំហើយ ! ឆ្នោតវៀតណាម ឆ្នោតថៃ របស់ P66 បើកលេងដោយសេរី

ខេត្តកំពង់ធំ ៖ គេមិនដឹងថាសមត្ថកិច្ចខ្សោយឬមេល្បែងខ្លាំងនោះទេ ទើបក្រុមអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃ ដែលមានយីហោសម្គាល់ P66 ក្នុងខេត្តកំពង់ធំ បាននិងកំពុងបន្តបង្រីកខ្លួនបើកលេងគ្រប់ទីកន្លែងយ៉ាងបើកចំហរដោយគ្មានកោតខ្លាចសមត្ថកិច្ចបន្តិចសោះ។ មហាជនបានដាក់សង្ស័យថា សមត្ថកិច្ចអាចជាខ្នងបង្អែកដ៏រឹងមាំក្នុងអាជីវកម្មនេះ ទើបគ្មានការចុះបង្ក្រាបដូច្នេះ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ គេបានឃើញអាជីវកម្មឆ្នោតជាច្រើនប្រភេទ បូករួមទាំងឆ្នោតយួន ឆ្នោតថៃ ឆ្នោតកោស ឆ្នោតឡូតូ បាន និងកំពុងលេងយ៉ាងបើកចំហរនៅតាមទីសាធារណៈ និងទីប្រជុំជននានានៃខេត្តកំពង់ធំ ដោយអ្នកកត់ ត្រូវបានពង្រាយទៅគ្រប់ទីកន្លែង និងគ្រប់មូលដ្ឋានដែលពលរដ្ឋរស់នៅ ដោយដាក់សញ្ញាសម្គាល់ជាលេខ P66 និងមានសរសេរបញ្ជាក់ពីចំនួនស៊ីសង ហើយទទួលអោយចាក់ដោយសេរី ។ការបើកដោយចំហរនិងយីហោសម្គាល់អាជីវកម្មនេះ បានធ្វើអោយអ្នកញៀនល្បែងកន្ទុយលេខ(ឆ្នោត)ហ៊ានលេងដោយមានទំនុកចិត្ត និងគ្មានការភ័យខ្លាច។

ជុំវិញសេរីភាពនៃការបើកលេង និងមានដាក់ទាំងយីហោផងនោះ ត្រូវបានមហាជនរិះគន់ថា គឺជាការបើកភ្លើងខៀវដ៏មានឥទ្ធិពលពីសមត្ថកិច្ច ទើបអាជីវកម្មឆ្នោតនេះ អាចដំណើរការយ៉ាងរលូនដោយគ្មានការរំខានដូច្នេះ ។

ប្រភពនិយាយថា មេឆ្នោតដែលគ្រប់គ្រងអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃដ៏មានឥទ្ធិពលយីហោ P66 គេស្គាល់ថា មានរហស្សនាម មេខ្លា ជាម្ចាស់អាជីវកម្មឆ្នោតនៅខេត្តកំពង់ធំ និងខេត្តសៀមរាប និងជាអ្នកដែលមានទ្រព្យស្តុកស្តម្ភម្នាក់។បច្ចុប្បន្នមានតែអាជីវកម្មឆ្នោតវៀតណាម និងឆ្នោតថៃរបស់លោក មេខ្លា P66 ម្នាក់ប៉ុណ្ណោះ ដែលអាចបើកលក់ និងលេងបានយ៉ាងរលូនក្នុងទឹកដីខត្តកំពង់ធំ និងខេត្តសៀមរាប ។
ក្រៅពីក្រុម P66 មិនអាចឈរជើងលេងក្នុងខេត្តទាំងពីរនេះបានទេ បើហ៊ានតែបើក គឺត្រូវសមត្ថកិច្ចធ្វើការកម្ទេចភ្លាម និយាយរួមខេត្តសៀមរាប និងខេត្តកំពង់ធំ ជាតំបន់រកស៊ីផ្តាច់មុខរបស់ P66។

គួរបញ្ជាក់ថា ការប្រព្រឹត្តល្បែងស៊ីសងដូចជា ល្បែងឆ្នោតវៀតណាម និងឆ្នោតថៃ ខាងលើនេះ គឺជាទង្វើដែលផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយកន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បាន ដាក់បទបញ្ជាឲ្យសមត្ថកិច្ច ធ្វើយ៉ាងណា ត្រូវបង្ក្រាបឲ្យបាន នូវល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានដែលខ្លួនគ្រប់គ្រងដើម្បីជាការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

តើសមត្ថកិច្ចខ្សោយ ឬមេអាជីវកម្មឆ្នោត P66 នោះខ្លាំង តើគួរទុកជាឆ្នាំងបាយដល់់ពេលណា ? ខណៈពលរដ្ឋកំពុងរងគ្រោះដោយជំងឺកូវិដ-១៩៕