ខេត្តព្រះសីហនុ ៖ មនុស្សប្រុសស្រីចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកព្រៃនប់ចាប់ឃាត់ខ្លួននៅគោលដៅត្រួតពិនិត្យច្រកចេញចូលលើផ្លូវជាតិលេខ៣ ចំណុចព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពត។មូលហេតុដោយសាររថយន្តសាំយ៉ុងនេះ ដឹកស្វាយលួចដឹកជញ្ជូនមនុស្សចំនួន៥នាក់ទិសដៅឆ្លងចូលមកខេត្តព្រះសីហនុ។ ករណីនេះបានកើតមានឡើងនៅម៉ោង០៩និង១០នាទីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនេះម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2BG9520 និង អ្នកបើកបរឈ្មោះសែម ធិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បើកបរមានទីលំនៅភូមិបឹងសាលាឃុំបឹងសាលាស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចបានឆែករកឃើញអ្នករួមដំណើរចំនួន៥នាក់ជិះនៅក្នុងរថយន្ត។ ១-សាមហានភេទស្រីអាយុ៦១ឆ្នាំទីលំនៅស្រុកកំពុងត្រាចខេត្តកំពត ២-អ៊ិនធាវី ភេទស្រី អាយុ១៤ឆ្នាំ ទីលំនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៣-ព្រាបស្រីនាង ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៤-ទុនប្រុសភេទប្រុសអាយុ៣៣ឆ្នាំ ទីលំនៅស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ៥-នាង ស្រីទូច ភេទស្រី អាយុ២៤ឆ្នាំ ភូមិបឹងតាព្រហ្ម ខេត្តព្រះសីហនុ។
ពេលនេះរថយន្តនិងអ្នកដំណើរទាំងអស់ បានបញ្ជូនទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំទឹកថ្លារង់ចាំការដោះស្រាយតាមនីតិវិធី។ (យោងតាមអនុក្រឹត្យលេខ៣៧អនក្រ.បកចុះថ្ងៃសុក្រ១៤រោច ខែផល្គុនឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀលទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ គេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័កតែមិនបានបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ។
ចំពោះជនដែលប៉ុនប៉ងនិងបំផ្លាញសុខភាពសាធារណៈរបស់ជាតិយើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតនិងគ្មានការលើកលែង។)៕ដោយ ៖ មនោរាជ
































