លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្ញើសារឱ្យបង្កើនការប្រុងខ្ពស់ បន្ទាប់ពីមានកុមារាអាយុ៦ឆ្នាំម្នាក់នៅខណ្ឌឫស្សីកែវ បានឆ្លងកូវីដ-១៩ ពីម្តាយ

ភ្នំពេញ ៖  ក្រោយកើតមានករណីវិជ្ជមានកូវីដ១៩ លើកុមារអាយុ ៦ឆ្នាំម្នាក់ នៅខណ្ឌឬស្សីកែវ កាលពីព្រលបថ្ងៃទ១៩ ខែមីនា ម្សិលកមិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារមួយនៅព្រឹកថ្ងៃទ២០ ខែមីនា នេះថា វីរុសកូវីដ១៩ កំពុងវ៉ៃលុកសូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏មិនលើកលែងដែរ។

លោកស្រី បានជំរុញឱ្យស្នាក់នៅក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់ និងអនុវត្តវិធានការ ៣ការពារ ៣កុំ ពោលគឺចៀសវាងកុំឱ្យមានការចម្លងដូចករណីខាងលើ។

លោកស្រីបានសរសេរនៅលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា ៖
«វីរុសកូវីដ-១៩ កំពុងតែវ៉ៃលុកយើងហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំក៏វាមិនលើកលែងឱ្យដែរ។ បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ តើយើងត្រូវចូលរួមធ្វើ អ្វីខ្លះ ដើម្បីកុំឱ្យមានការចម្លងបន្តគ្នាបែបនេះ បើសូម្បីកូនតូចៗ ក៏ឆ្លងដែរហើយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បើមិនចាំបាច់ បើចាំបាច់ត្រូវចេញ សុំអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាកឫពន្យាពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបើយើងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទើបយើងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន។ ខ្ញុំសូមផ្ញើជូននូវការជូនពរដល់កុមារាតូចនេះ សូមឱ្យកូនបានជាសះស្បើយបានឆាប់ៗ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហើយទាំងអស់ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ និងអ្នកដែលមិនទាន់ឆ្លង សុំកុំឱ្យមានការឆ្លងបន្តគ្នាឱ្យសោះ មានសុខភាពល្អ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ ៣ការពារ និង ៣កុំ»៕