មន្ទីរពេទ្យស្រី្តនគរទេព ត្រូវដាក់ធ្វើជាទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា នេះបានអញ្ជើញពិនិត្យទីតាំងមន្ទីរពេទ្យស្រី្តនគរទេពស្ថិតខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីដាក់សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩។ មន្ទីរពេទ្យនគរទេព មានគ្រែដាក់ អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗ។

ស្ថាបនិកមូលនិធិនគរទេពបានសម្រេច ប្រគល់មន្ទីរពេទ្យស្ត្រីនគរទេពជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រើប្រាស់ជាមូលដ្ឋានសុខាភិបាលក្នុងការពិនិត្យនិងព្យាបាលអ្នកជងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ជាពិសេ សក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យទីតាំងមន្ទីរពេទ្យស្រី្តនគរទេពស្ថិតខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីដាក់សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩។

លោកជំទាវ ពេជ្រ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ មានប្រសាសន៍ថា ការរៀបចំខាងក្នុងមន្ទីរពេទ្យនេះសម្រេចបាន៩០ភាគរយហើយ ថ្ងៃនេះនិងថ្ងៃស្អែកក្រុមការងារនឹងធ្វើការសំអាត នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនឹងធ្វើការរៀបចំបន្ទប់អាយស៊ីយូ និងការរៀបចំគ្រែសំរាប់អ្នកជំងឺនៅខាងក្នុង។ ក្រុមគ្រូពេទ្យប្រចាំការនៅទីនេះ គឺជាក្រុមគ្រូពេទ្យមកពីខាងកងទ័ព ដោយសម្ដេចបានអនុញ្ញាតឱ្យកងទ័ពជាអ្នក គ្រប់គ្រងតែក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មានគ្រូពេទ្យជំនាញចម្រុះជួយណែនាំក្នុងការរៀបចំមន្ទីរពេទ្យនេះ។ លោកជំទាវបានឲ្យដឹងថាយើងបានរៀបចំជាពីផ្នែកសម្រាប់អ្នកជំងឺកូវីដស្រាលនិងធ្ងន់ ព្រោះដោយសារមន្ទីរពេទ្យនេះជាមន្ទីរពេទ្យស្រាប់ មានបន្ទប់សម្រាកនិងបន្ទប់សង្គ្រោះបន្ទាន់ដែលរៀបចំរួចហើយ ។

បច្ចុប្បន្នមន្ទីរពេទ្យនេះគ្រាន់តែត្រៀមបម្រុងទុកសម្រាប់ដាក់អ្នកជំងឺហើយបញ្ហាគឺយើងរង់ចាំមើលថ្នាក់ដឹកនាំជាអ្នកសម្រេច ព្រោះអាចនៅតាមមន្ទីរពេទ្យផ្សេងៗឬក៏The Great DUKEពេញ ទើបអាចបញ្ជូនមកទីនេះបន្ថែមទៀត ។ បច្ចុប្បន្នគ្រូពេទ្យ រៀបចំបានចំនួនជាង៣០០គ្រែ ករណីខ្លាំងយើងអាចរៀបចំរហូត ៤០០គ្រែ ខណៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួនជាង៤០០ នាក់ កំពុងទទួលការបណ្ដុះបណ្ដាល ត្រៀមចូលក្នុងក្របខណ្ឌប្រយុទ្ធនឹងកូវីដ-១៩ នេះជាង ៣០០ នាក់ទៀតសរុបទៅគឺយើងមានជិត ៨០០ នាក់កម្លាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។

សូមជម្រាបថា មន្ទីរពេទ្យស្ត្រីនគរទេពជាមន្ទីរ ពេទ្យស្ត្រីដំបូងគេបង្អស់នៅកម្ពុជាត្រូវបានសម្ពោធកាលពីថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០១៩ ដែលជាគំនិតផ្តួចផ្តើមរបស់សប្បុរសជននៃមូលនិធិនគរទេព និងក្រសួងកិច្ចការនារី។ ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធទឹកភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសូទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។ មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។ មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
ណ្្្