កុមារាអាយុ៦ឆ្នាំដែលមានមេរោគកូវីដ-១៩ត្រូវនាំទៅកាន់សណ្ឋាគារ The Great Duke ដើម្បីព្យាបាលជំងឺជាមួយឪពុកម្តាយ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសុខាភិបាលរាជធានីនិងអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការណែនាំពីឯ.ឧឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ មិនានេះបានបញ្ជូនកុមារាអាយុ៦ឆ្នាំ ដែលបានរកឃើញថា មានផ្ទុកនូវមេរោគកូវីត-១៩ទៅកាន់សណ្ឋាគារ (The Great Duke) ដើម្បីព្យាបាលជម្ងឺនិងដើម្បីបានជួបឪពុកម្ដាយរបស់កុមាររូបនេះផងដែរ ខណៈដែលពួកគាត់បាននឹងកំពុងសម្រាកព្យាបាលជម្ងឺកូវីដ-១៩នៅទីនោះស្រាប់។

នេះជាការយកចិត្តទុកដាក់របស់ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឲ្យកូនបានជួបម្ដាយនិងឪពុកដែលកំពុងសម្រាកព្យាបាលជំងឺនេះ នៅGreat Duckស្រាប់។ ទោះបីជាយ៉ាងណាក្តី ឯ.ឧឃួង ស្រេងបានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលពិសេស អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោហ៊ុន សែន លើវិធានការ ៣កុំ ៣ការពារ ដែលជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុតក្នុងសម័យកាលកូវីដ-១៩នេះ ។

បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌឬស្សីកែវថា នៅខណ្ឌឬស្សីកែវ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖ ១ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង  ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។

២ អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ ។ ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។

បច្ចុប្បន្ននេះ អ្នកជម្ងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៉ីនធើខនទីណង់តាល់ (The Great Duke)។ ក្នុង សេចក្តី ប្រកាស របស់ក្រសួងសុខាភិបាល កុមារវ័យ៦ ឆ្នាំ រស់នៅឫស្សីកែវ ដែលបានឆ្លងកូវីដ-១៩ ពីម្តាយ ត្រូវ បានបញ្ជូនទៅព្យាបាល នៅសណ្ឋាគារ ក្រេតឌុក ហើយខណៈក្រុមគ្រូពេទ្យនាំកុមារាឡើងរថយន្តពេទ្យឆ្ពោះទៅកាន់កន្លែងព្យាបាល Great Duck ដើម្បីបានជួបម្តាយដែលកំពុងព្យាបាលជំងឺកូវីដ-១៩ដែរនោះ រូបភាពនេះបានអង្រួនបេះដូងគ្រប់គ្នាឱ្យផ្ទុះឡើងនូវក្តីអាណិតអាសូរ និងភាពក្តុកក្តួលជាពន់ពេកចំពោះកុមារម្នាក់នេះ៕