ថ្ងៃនេះ នៅកម្ពុជា មានករណីកូវីដ១៩ឆ្លងថ្មី ៧៣នាក់ ជាសះស្បើយ ១៧នាក់ និងកំពុងព្យាបាលចំនួន ៧៨១នាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃនេះ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧៣នាក់ (៧១នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) និងមានអ្នកជាសះស្បើយចំនួន ១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧៨១នាក់។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកឆ្លងកូវីដ-១៩ ទាំង ៧៣នាក់នោះ មាន ២នាក់ជាស្ត្រីជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ និង៧១នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន ៖ ជនជាតិចិនចំនួន ៤នាក់ និងជនជាតិខ្មែរ ៦៧នាក់ រកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តព្រៃវែង។

ចំណែកអ្នកជាសះស្បើយទាំង ១៧នាក់ គឺជាសុទ្ធសឹងអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ក្នុងនោះរួមមាន ៖ ជនជាតិចិន ១៤នាក់ និងជនជាតិខ្មែរ ៣នាក់ ដោយទទួលលទ្ធផលធ្វើតេស្តអវិជ្ជមាន ២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គួរជម្រាបថា គិតត្រឹមម៉ោង៧ ៖០០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕