ថ្ងៃនេះ នៅកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ម្នាក់ទៀត គឺលោកវេជ្ជបណ្ឌិត ស្តើង ជា

ភ្នំពេញ ៖ ថ្ងៃនេះជំងឺកូវីដ-១៩ បានសម្លាប់ពលរដ្ឋកម្ពុជាម្នាក់ទៀត ដែលនេះគឺជាករណីស្លាប់ទី ៤នៅកម្ពុជា ។ អ្នកស្លាប់នេះ គឺជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស្តើង ជា ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបង្ហា្ថញថា លោកបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក ក្នុងស្ថានភាពហត់។ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានពិនិត្យឃើញថា គាត់មានអាការៈហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាងរហ័សទៅរកសភាពធ្ងន់ធ្ងរកាន់តែខ្លាំង ក្នុងរយៈពេល៣-៤ថ្ងៃ មុនចូលដល់មន្ទីពេទ្យ ។ លោក ស្តើង ជា ក៏មានជំងឺលើសឈាម ប្រចាំកាយផងដែរ។

ក្រោយការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានប្រើម៉ាស៊ីនជំនួយដង្ហើម តែមិនអាចជួយសង្គ្រោះបាន ហើយលោកបានទទួលមរណភាព នៅវេលាព្រឹកថ្ងៃទី២២ ខែមីនា នេះ។

គួរជម្រាបថា រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត ក្នុងនោះមានលោក ឡៅ សុវណ្ណា អាយុ ៥០ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១, អ្នកស្រីងឿន សុថានី អាយុ ៦២ឆ្នាំ ត្រូវជាភរិយាលោក ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានស្លាប់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១, លោក គឹម ឃីស៊ុន អាយុ ៤៦ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ និងបុរសជនជាតិខ្មែរលោកវេជ្ជបណ្ឌិត ស្តើង ជា អាយុ ៧៥ឆ្នាំ បានស្លាប់នៅព្រឹកថ្ងៃទី២២ ខែមីនា នេះ។

លោកវេជ្ជបណ្ឌិត ស្តើង ជា គឺជាអ្នកសកម្មផងដែរក្នុងវិស័យកីឡា ដោយកន្លងមកលោកបានជួយខាងផ្នែកកីឡាពាក់ព័ន្ធនឹងសុខភាព និងការហ្វឹកហាត់។
តាមការកត់សម្គាល់ ភាគច្រើននៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាមនុស្សដែលមានវ័យចំណាស់ និងមានជំងឺប្រចាំផងដែរ៕