ព្រៃវែង ៖ គិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះ គឺមានសត្វស្លាប់ដែលរស់នៅតំបន់បឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុនោះទេ។ នេះបើតាមការបញ្ជាក់លោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង។
លោក ពុធ បូ ប្រធានសហគមន៍ បានលើកឡើងថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះហើរទៅរកចំណីនៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែដែលសត្វទាំងអស់នេះតែងតែទៅរកចំណីអាហារនៅទីនោះ ហើយបានស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឱ្យពុលស្លាប់ និងមួយទៀត អាចមកពីការប្រែប្រួលអាកាសធាតុ(ក្តៅខ្លាំង) ។
ទាក់ទងនឹងសត្វនៅ បឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្ដបន្ទាប់នេះដែរ លោក ទេព ភារុន អភិបាលស្រុកបារភ្នំ ខេត្ដព្រៃងបានមានប្រសាសន៍ថា រដ្ឋបាលស្រុកបានចាត់ឱ្យមន្ត្រីបសុពេទ្យចុះពិនិត្យតាមដានមើលហើយ និងបានរាយការណ៍ជូន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរបរិស្ថានខេត្ត ឱ្យចុះមកពិនិត្យ រកមូលហេតុ នៃការងាប់សត្វទាំងនោះ។ លោកអភិបាលស្រុកបានបន្ដថា បើតាមការកត់សម្គាល់ឃើញសត្វភាគច្រើនចុះមកផឹកទឹក ដែលទំនងវាក្តៅពេក ហើយក៏បានជាវាងាប់ ដោយមន្ត្រីជំនាញ បានប្រាប់ថា គេនឹងមកចុះពិនិត្យ។ លោកបន្ថែមថា ត្បិតអីយើងមិនដឹងថា សត្វដែលបានងាប់នេះ វាមានមេរោគអ្វីទេ ហើយបារម្ភបំផុតនោះគឺខ្លាច វាមានជំងឺឆ្លងពីសត្វ មកមនុស្សថែមទៀតផង ។
បើតាមលោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងបានឱ្យដឹងថា លោកមិនទាន់ហ៊ានសន្និដ្ឋានថាយ៉ាងម៉េចនោះទេដោយរង់ចាំជំនាញពីក្រសួងបរិស្ថានចុះមកស្រាវជ្រាវ រកមូលហេតុនៃការងាប់របស់សត្វទាំងអស់នេះ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនូវការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍២០ គុម្ភៈមក ក្នុងសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡីនេះ ស្ទើរតែគ្មានភ្ញៀវទេសចរ ទៅទស្សនា និងមើលសត្វស្លាប នៅក្នុងតំបន់ នោះទេ៕




































