ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការ ថ្ងៃទី២៣ ខែមីនា នេះ កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៥នាក់Tទៀត ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ៣៣នាក់ និង ២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន ៣២នាក់បានជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨៣នាក់។
អ្នកឆ្លងកូវីដ១៩ ទាំង៣៥នាក់នោះ មាន២នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ និង៣៣នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន១០នាក់, ជនជាតិខ្មែរ២២នាក់ និងជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តសៀរាប និងខេត្តព្រះសីហនុ។
របាយការណ៍របស់ក្រសួងបង្ហាញថា អ្នកជាសះស្បើយទាំង ៣២នាក់ គឺមានម្នាក់ជាបុរសជនជាតិលីប៊ី អាយុ ៥០ឆ្នាំ ដែលធ្វើដំណើរពីប្រទេសលីប៊ី មកដល់កម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ និង ៣១នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ៖ ០០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៩៩នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន ៧៨៣នាក់ ស្លាប់ចំនួន៤នាក់ និង ២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕
































