ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាម៉េរិក (ស.រ.អា)តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នេះប្រមុខការទូតនៃប្រទេសកម្ពុជាបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ។
ប៉ុន្តែឯកឧត្តម ក៏បានបញ្ជាក់ផងដែរអំពីភាពចាំបាច់ក្នុងការទទួលស្គាល់ថា គ្មានបទដ្ឋានណាមួយដែលអនុវត្តបានគ្រប់កាលៈទេសៈនោះទេ។ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិកបានផ្លាស់ប្តូរយោបល់គ្នា ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលផ្តល់សារៈសំខាន់ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ-នយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានចែករំលែកការព្រួយបារម្ភជាមួយរដ្ឋមន្ត្រីផ្សេងៗទៀតជុំវិញការកើនឡើងនូវភាពស្មុគស្មាញនៃបញ្ហាប្រឈមនានាដែលកំពុងកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុនិងការគំរាម កំហែងផ្សេងៗ ទៀត។ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របពេលលោកគូសបញ្ជាក់អំពីភាពចាំ បាច់ក្នុងការទទួលស្គាល់ថាគ្មានបទដ្ឋានណាមួយដែល អនុវត្តបានគ្រប់កាលៈទេសៈនោះទេ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងលោកបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ប្រកាន់ខ្ជាប់ភាពអត់ធ្មត់ជាអតិបរិមាដើម្បីចៀសវាងការបន្តឹងស្ថានការណ៍បន្ថែមទៀតនិងដើម្បីស្វែងរកដំណោះ ស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិរួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់ សមុទ្រ(UNCLOS)ឆ្នាំ១៩៨២ផងដែរ។លោកបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងនានាគួរត្រូវបានផ្តោតការយកចិត្តទុកដាក់ លើការពន្លឿនការបញ្ចប់ក្រមប្រតិបត្តិ សមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារនិងមានប្រសិទ្ធភាពព្រមទាំង ការអនុវត្តយ៉ាងពេញលេញនូវវិធានការ ដែលបានឯកភាពគ្នារួច ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ក្នុងព្រឹត្តិការណ៍ដដែលនេះដែរទាក់ទងនឹងប្រទេសមីយ៉ានម៉ាឯកឧត្ដមរដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់អំពី គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ស្ថិរភាពក្នុងតំបន់ និងការកសាងសហគមន៍អាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់អំពីការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន ដែលបានសម្រេចកាលពីថ្ងៃទី ២៤ ខែមេសាឆ្នាំ២០២១ និងឆន្ទៈនយោបាយរបស់អាស៊ានក្នុងការគាំទ្រដំណោះស្រាយសន្តិភាពតាមរយៈការសន្ទនា។
កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាម៉េរិកនៅថ្ងៃទី១៤ខែកក្កដានេះត្រូវបានធ្វើជាសហប្រធានដោយលោក សាឡឺមសាយ គុំម៉ាស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ស.រ.អា និងលោក អេនតូនី ប្លីនខេន(AntonyBlinken)រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក។កិច្ចប្រជុំបានត្រូវបានអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីការបរទេស អាស៊ាន និងអគ្គលេខាធិការអាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះក្នុងនោះមានផ្លាស់ប្តូរទស្សនៈពីសារៈសំខាន់ នៃការពង្រឹងឡើងវិញនៃទំនាក់ទនងអាស៊ាន-ស.រ.អាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការទប់ស្កាត់ជំងឺ រាតត្បាតកូវីដ-១៩ រួមទាំងបញ្ហាផ្សេងៗដែលជាការព្រួយបារម្ភ និងជាផលប្រយោជន៍រួម ទាំងក្នុងតំបន់និងក្រៅ តំបន់។
អាស៊ានបានអបអរសាទរចំពោះការតាំងចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការពង្រឹងឡើងវិញនៃទំនាក់ទំនងនិងកិច្ចសហ ប្រតិបត្តិការជាមួយអាស៊ាន ជាពិសេសនៅចំពោះមុខការប្រឈមពហុវិស័យនៅក្នុងតំបន់ និងពិភពលោក។ រដ្ឋមន្ត្រី ការបរទេសអាស៊ាន បានស្វាគមន៍ការប្តេជ្ញាចំពោះពហុភាគីនិយមរបស់រដ្ឋបាលថ្មីសហរដ្ឋអាម៉េរិកដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការធ្វើទំនាក់ទំនងជាថ្មីជាមួយអង្គការអន្តរជាតិធំៗ ក្នុងការដោះស្រាយបញ្ហាបន្ទាន់សកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអរគុណ ឯកឧត្តម អេនតូនី ប្លីនខេន ដែលបានអះអាងជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះមជ្ឈភាពអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសទាំងអស់បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ស.រ.អាក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺនេះ ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ច-សង្គមឱ្យបានឆាប់រហ័ស ព្រមទាំងការកសាងភាពរឹងមាំទប់ទល់នឹងវិបត្តិសុខាភិបាល នាពេលអនាគត។
អាស៊ានបានស្វាគមន៍ការចូលរួមចំណែករបស់សហរដ្ឋអាម៉េរិកចំពោះគំនិត ផ្តួចផ្តើមជំងឺកូវីដ-១៩ របស់អាស៊ាន រួមមាន មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេស អេនតូនី ប្លីនខេនបានរំលេចអំពីតួនាទីរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាប្រទេសផ្តល់ជំនួយ ដ៏ធំបំផុតដល់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការគាំទ្រដល់តំបន់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ តាមរយៈការចូលរួមចំណែកជាទឹកប្រាក់ចំនួន ១១២លានដុល្លារអាម៉េរិក ក្នុងក្របខ័ណ្ឌជំនួយសម្រាប់សង្គ្រោះបន្ទាន់ ផ្នែកសុខាភិបាល និងមនុស្សធម៌ ដល់បណ្តាប្រទេសសមាជិកអាស៊ាន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនបានលើកទឹកចិត្តចំពោះសហរដ្ឋ អាម៉េរិកឱ្យរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩និងងើបចេញពីផលប៉ះពាល់ នៃជំងឺនេះដោយភាពរឹងមាំ។
លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានដោយស្មើភាពនូវ វ៉ាក់សាំង ដែលមានតម្លៃសមរម្យនិងមានប្រសិទ្ធភាព។ឯកឧត្តម បានបង្ហាញនូវការជឿជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា ដែលត្រូវបានលើកកម្ពស់គឺនឹងផ្តល់នូវផលប្រយោជន៍យ៉ាង ពិសេសដល់ការកសាងសហគមន៍អាស៊ាន។
រដ្ឋមន្រ្តីការបរទេសទាំងអស់បានសម្តែងសុទិដ្ឋិនិយមថា ផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ដែលបានឯកភាព រួចគឺដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ស.រ.អា និងកិច្ច សហ ប្រតិបត្តិការ តាមរយៈយន្តការអនុតំបន់ រួមទាំងគំនិតផ្តួចផ្តើមមេគង្គ-ស.រ.អានឹងនាំមកនូវលទ្ធផល ប្រកបដោយផ្លែផ្កានៅក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ រួមមានវិស័យ ពាណិជ្ជកម្មនិងការវិនិយោគ សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) វិស័យថាមពល និង ហេដ្ឋារចនាសម្ព័ន្ធ និងការបង្រួមគម្លាតអភិវឌ្ឍន៍ និងបញ្ហាសន្តិសុខឆ្លងដែន៕































