ប្រទេសឥណ្ឌូនេស៊ីវ៉ាបានដាច់ឥណ្ឌាចំពោះការឆ្លងកូវីដប្រចាំថ្ងៃ

ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ចំនួនករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃរបស់ឥណ្ឌា ដែលជាការសម្គាល់នូវមណ្ឌលឆ្លងថ្មីនៅអាស៊ី ខណៈការរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងខ្លួន Delta កំពុងជំរុញឱ្យមានការឆ្លងកូវីដកាន់តែច្រើនឡើងនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។

ប្រទេសនេះបានឃើញករណីឆ្លងប្រចាំថ្ងៃលើសពី ៤០.០០០ នាក់ អស់ពេល២ថ្ងៃជាប់គ្នា ក្នុងនោះរួមមានទាំងការឆ្លងបំបែកឯតទគ្គកម្ម ៤៧.៨៩៩ នាក់កាលពីថ្ងៃអង្គារទី១៣កក្កដាគឺកើនឡើងពីករណីឆ្លងតិចជាង ១០.០០០ នាក់កាលពីមួយខែ។ ក្រុមមន្ត្រីមានការព្រួយបារម្ភថា មេរោគ Delta ឥឡូវកំពុងឆ្លងសាយភាយនៅខាងក្រៅកោះជ្វាដ៏ធំបំផុតរបស់ប្រទេសនេះហើយអាចធ្វើឱ្យបុគ្គលិកមន្ទីរពេទ្យបាក់កម្លាំងនិងបណ្តាលឱ្យខ្វះការផ្គត់ផ្គង់អុកស៊ីសែននិងថ្នាំពេទ្យ។

ចំនួនករណីឆ្លងប្រទេសនៅឥណ្ឌូនេស៊ីបច្ចុប្បន្នគឺនៅចាញ់ឆ្ងាយខ្លាំងណាស់ពីករណីឆ្លងជាង ៤០០.០០០ នាក់ប្រចាំថ្ងៃនៅឥណ្ឌាកាលពីខែឧសភា ហើយចំនួនឆ្លងសរុប២,៦លាននាក់របស់ឥណ្ឌូនេស៊ីគឺស្មើត្រឹម១ភាគ១០នៃករណីឆ្លង ៣០,៩ លាននាក់នៅឥណ្ឌាប៉ុណ្ណោះ។

ឥណ្ឌា ដែលមានប្រជាជនប្រហែល ៥ ដងនៃចំនួនប្រជាជន ២៧០ លាននាក់របស់ឥណ្ឌូនេស៊ី បានឃើញការឆ្លងប្រចាំថ្ងៃធ្លាក់ចុះមកនៅក្រោម ៣៣.០០០ នាក់កាលពីថ្ងៃអង្គារ ខណៈការផ្ទុះមេរោគកូរ៉ូណាដ៏សាហាវនៅឥណ្ឌាបានថមថយ។

ប្រទេស ឥណ្ឌូនេស៊ីរាយការណ៍ករណីស្លាប់ ៩០៧ នាក់ជារៀងរាល់ថ្ងៃក្នុងរយៈពេល ៧ ថ្ងៃចុង ក្រោយធៀបទៅនឹង ១៨១ នាក់កាលពីខែមុន ខណៈឥណ្ឌារាយការណ៍អ្នកស្លាប់ប្រចាំថ្ងៃចំនួន ១.០៧២ នាក់។

សន្ទស្សន៍ហ៊ុនរបស់ឥណ្ឌូនេស៊ីគឺជាសន្ទស្សន៍យ៉ាប់ជាងគេបំផុតទី ២ នៅអាស៊ីប៉ាស៊ីហ្វិកកាលពីថ្ងៃពុធ ដោយសន្ទស្សន៍សមាសធាតុហ្សាការតា (Jakarta Composite Index) បានធ្លាក់ចុះ ២ ភាគរយ ២ ថ្ងៃជាប់គ្នា។

បណ្តាប្រទេសកំពុងអភិវឌ្ឍកំពុងពុះពារទប់ទល់នឹងវីរុសកូរ៉ូណាជាពិសេសការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគបំប្លែងខ្លួន Deltaត្បិតការចាក់វ៉ាក់សាំងបានអនុញ្ញាតឱ្យជីវិតវិលត្រឡប់ទៅរកភាពធម្មតាវិញនៅក្នុងប្រទេសដូចជាសហរដ្ឋអាម៉េរិកនិងចក្រភពអង់គ្លេស។

ការផ្ទុះខ្លាំងឡើងនៅឥណ្ឌូនេស៊ីបានបង្ហាញពីផលវិបាកនៃការចែកចាយវ៉ាក់សាំងជាសកលមិនស្មើគ្នា ដែលឃើញបណ្តាប្រទេសអ្នកមានសម្រុកបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងច្រើនឡើងដោយទុកឱ្យបណ្តាប្រទេសក្រីក្រប្រឈមមុខនឹងមេរោគបំប្លែងខ្លួនដូចជា Delta ជាដើម។

លោកតេត្រូស អាដាណុម ហ្គ្រេប្រេយ៉េស៊ូស អគ្គនាយកអង្គការសុខភាពពិភពលោកបានហៅការបែងចែកនេះថាជា “បរាជ័យខាងសីលធម៌ដ៏មហន្តរាយ”៕