រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងណែនាំ ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជួយថែរក្សា យានយន្ត ដែលត្រូវបានចាប់ឃាត់ ទុករយៈពេលមួយឆ្នាំឱ្យបានត្រឹមត្រូវ មិនត្រូវដោះលែងទៅវិញមុនពេលកំណត់ជាដាច់ខាត។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង ក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ដើម្បី ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោម ឱវាទក្រសួង ដែលបានជួបប្រទះក្នុងការបំពេញ ការងាររបស់ខ្លួននាពេលកន្លងមក និងស្នើសុំ អនុសាសន៍ណែនាំ ដោយមានការចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីមន្ដ្រីជំនាញ ក្រោមឱវាទ ក្រសួងជាច្រើនរូប។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ ការប្រកាសសុពលភាពមន្ដ្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មីរបស់ក្រសួង ការងារប័ណ្ណបើកបរ ការងារត្រួតពិនិត្យយានយន្ត ដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ លទ្ធផលការងារបិទបញ្ចប់គម្រោងសាងសង់មណ្ឌលផ្ដល់សេវា សាធារណៈហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទីស្ដីការក្រសួង និងទំនើបកម្មប្រព័ន្ធគ្រប់គ្រងយានយន្ត ដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ ការងារពង្រឹងគុណភាពផ្លូវថ្នល់ និងការងារសវនកម្មផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយសហការជាមួយក្រុមការងារជញ្ជីងរបស់ក្រសួង ជាពិសេសក្រុមការងារជញ្ជីងចល័ត ក្នុងការចូលរួម ទប់ស្កាត់ ការដឹកជញ្ជូនលើស ទម្ងន់កម្រិតកំណត់ដោយច្បាប់ និងបានថ្លែងការកោតសរសើរដល់ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំ ត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារទាំងថ្ងៃទាំងយប់ និងបានសំណូមពរឱ្យក្រុមហ៊ុនដឹកជញ្ជូន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រដ្ឋាភិបាលនឹងអនុវត្តវិធានការនេះឱ្យដូចភ្លៀង រលឹម មិនថយក្រោយទេ និងបានសំណូមពរឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ សហការជាមួយអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយមាត្រា ៦០ ដែលចែងថា ឡានដឹកលើស២០% ត្រូវឃាត់ទុកមួយឆ្នាំ ដើម្បីឱ្យក្រុមហ៊ុន ដឹកជញ្ជូន បានយល់ច្បាស់អំពីមាត្រាច្បាប់និងការដាក់ទោស ទណ្ឌ ឱ្យបានទូលំទូលាយ ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានរឹងមាំ ជៀសវាងមតិរិះគន់ថា៖ ធ្វើផ្លូវជាប់រហូត។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបាន ជោគជ័យ នូវការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន លើស ទម្ងន់កម្រិតកំណត់ ដោយប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិ (AI Camera and Weight in Motion Sensor)ផងដែរ៕































