សមត្ថកិច្ចពេទ្យសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានបំបែកសំណុំរឿងមួយទៀត ដែលសង្ស័យថា សមត្ថកិច្ចនានា នៅច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត និងឈ្មួញ បានសមគំនិតគ្នា លួចនាំចូលប្រទេសកម្ពុជា នូវកញ្ចប់សាច់ជ្រូក និងសាច់មាន់ ប្រមាណជា ១០ តោន។
ការឆ្មក់បង្ក្រាប ទើបបានលើកនេះ បានធ្វើឡើង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រី ១កន្លែង ក្រោយអគារសណ្ឋាគារ កាស៊ីណូផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នេះបើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន នាថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ ។
លោក ហ៊ុយ ទូច បានប្រាប់បន្តថាៈ ទំនិញម្ហូបអាហារ វេចខ្ចប់ដាក់ក្នុងធុងស្នោ ទម្ងន់ប្រមាណ ១០ តោន ផ្ទុកបង្កប់ជាមួយរថយន្តធំ ដែលដឹកផលិតផលនោះ រួមមាន សាច់ជ្រូក ដែលកាប់រួចជាស្រេច មានជើង គ្រឿងក្នុង សាច់ ក្បាល និងសាច់មាន់។
លោក ហ៊ុយ ទូច បានឲ្យដឹងបន្តថាៈ នេះជាការការនាំចូល ហើយអាចមិនមែន ជាលើកទី១នោះទេ ។
ទំនិញសាច់ជ្រូក សាច់មាន់ទាំងនេះ ពុំមានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអគ្គនាយកដ្ឋាន ផលិតកម្ម និងសុខភាពសត្វឡើយ ហើយការដឹកជញ្ជូន ក៏មិនត្រឹមត្រូវ តាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងខុសលក្ខណៈបច្ចេកទេស នៃការវេចខ្ចប់ ដែលធ្វើឲ្យផលិតផលទាំងនេះ ដែលនាំខូចគុណភាព ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ បើសិនជាបានធ្លាក់ ដល់មាត់អ្នក យកទៅបរិភោគ ។
ប្រភពដដែល បានបញ្ជាក់ថា វត្ថុតាងនៃសំណុំរឿងនេះ មុនដុតកម្ទេចចោល ត្រូវយកសំណាកមកវិភាគ រកសារធាតុគីមី ដែលបំផ្លាញសុខភាព ជាមុនសិន និងក៏ដូចជា កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីផងដែរ ៕































