ប្រទេសកូឡុំប៊ីរឹបអូសកូកាអ៊ីនបាន ៥,៤ តោន តម្លៃ ១៨៥ លានដុល្លារ

កងទ័ពជើងទឹកកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធទី១៤កក្កដាថា អាជ្ញាធរនៅក្នុងប្រទេសនេះ ដែលធ្វើការជាមួយសមភាគីនៅក្នុងប្រទេសប៉ាណាម៉ានិងសហរដ្ឋអាម៉េរិក បានរឹបអូសបានកូកាអ៊ីនចំនួន ៥,៤ តោន មានតម្លៃ ១៨៥ លានដុល្លារ។

កងទ័ពជើងទឹកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រឿងញៀនទាំងនេះត្រូវបានរកឃើញបន្ទាប់ពីទូកល្បឿនលឿនបានបើករត់ចូលក្នុងដែនដីកូឡុំប៊ីវិញបន្ទាប់ពីត្រូវបានរកឃើញដោយអាជ្ញាធរប៉ាណាម៉ាហើយត្រូវបានដេញចាប់ដោយសមាជិកកងឆ្មាំសមុទ្រកូឡុំប៊ី។

បន្ទាប់ពីការត្រួតពិនិត្យយ៉ាងល្អិតល្អន់នៅតំបន់នោះ សមាជិកនៃឆ្មាំសមុទ្របានរកឃើញ ទូកសង្ស័យមួយដែលផ្ទុកបាវចំនួន ៨១ នៅខាងលើទូក និង បាវផ្សេងទៀតចំនួន ១៤៧ ដាក់នៅជុំវិញបន្លែ ដែលក្នុងនោះផ្ទុកសុទ្ធតែកូកាអ៊ីន។

ឧត្តមនាវីឯក វ័ន រ៉ូហ្សូ អូប្រេហ្គន ជាមេបញ្ជាការកងកម្លាំងជើងទឹកប្រចាំតំបន់ការ៉ាអ៊ីពរបស់កូឡុំប៊ី និយាយថា “ប្រសិនបើទំនិញខុសច្បាប់ទាំងនេះបានមកដល់សហរដ្ឋអាម៉េរិកឬអឺរ៉ុប ប្រាកដណាស់វាមានន័យថាវានឹងបានទៅដល់ដៃមនុស្ស ១៦ លាននាក់នៅតាមដងផ្លូវនៃប្រទេសទាំងនោះ ដែលនឹងបង្កផលប៉ះពាល់សុខភាពសាធារណៈលើពិភពលោក”។

អាជ្ញាធរនិយាយថា ថ្នាំញៀនទាំងនោះជារបស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឈ្មោះ ក្លានឌែលហ្គោលហ្វូ (Clan del Golfo) ។

ក្រុមនេះដឹកនាំដោយលោក ដាយរ៉ូ អង់តូនីញ៉ូ យូស៊ូហ្គា ដែលគេស្គាល់ថា “អូតុនៀល” ជាជនសង្ស័យជួញដូរគ្រឿងញៀនដែលប៉ូលិសកំពុងតាមចាប់ខ្លួនបំផុតនៅកូឡុំប៊ី៕