របបយោធាមីយ៉ាន់ម៉ារិះគន់សេចក្តីសំរេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីក្រុមជនជាតិរ៉ូហ៊ីងយ៉ា

របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធបានច្រានចោលសេចក្តីសំរេចចិត្តមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិដែលអំពាវនាវអោយមានការផ្សះផ្សារជាមួយក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយរិះគន់វាថាជាការចោទប្រកាន់មើលឃើញតែម្ខាងស្តីពីការប្រព្រឹត្តរបស់ខ្លួនលើសហគមន៍គ្មានរដ្ឋមួយនេះ។

ប្រទេសនេះបានធ្លាក់ចូលក្នុងភាពវឹកវរចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុង សាន ស៊ូជី ត្រូវក្រុមយោធាបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារខែកុម្ភៈដោយបង្កការតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យពាសពេញប្រទេសនិងការបង្ក្រាបបង្ហូរឈាម។

កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាខាងលើបានអនុម័តសេចក្តីសំរេចចិត្តមួយដោយអំពាវនាវអោយមានការចរចាបែបស្ថាបនានិងអហិង្សាព្រមទាំងការផ្សះផ្សារ ស្របទៅតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា រួមមានជនជាតិអ៊ីស្លាមរ៉ូហ៊ីយ៉ាផង»។

តែក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសំរេចចិត្តនេះ«ផ្អែកលើព័ត៌មានមិនពិតនិងការចោទប្រកាន់តែម្ខាង។សហគមន៍រ៉ូហ៊ីងយ៉ានេះ មិនដែលត្រូវបានទទួលស្គាល់ជាជនជាតិភាគតិចមួយរបស់មីយ៉ាន់ម៉ាទេ»។

នៅមីយ៉ាន់ម៉ា ពួករ៉ូហ៊ីងយ៉ា ត្រូវបានចាត់ទុកជាក្រុមជ្រៀតចូលមកពីបង់ក្លាដែសនិងត្រូវបានបដិសេធសញ្ជាតិ សិទ្ធិ ព្រមទាំងការទទួលបានសេវានានា។ជនរ៉ូហ៊ីងយ៉ាប្រមាណ៧០០.០០០នាក់ឥឡូវកំពុងរស់នៅក្នុងជំរំរខេករខាកក្នុងប្រទេសបង់ក្លាដែសក្រោយការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានៅឆ្នាំ២០១៧លើសហគមន៍របស់គេនៅក្នុងរដ្ឋរ៉ាក់ឃីន៕