លោកឌុយតឺតេនិងកូនស្រីឈរលេខ១ដូចគ្នាក្នុងការស្ទង់មតិនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌុយតឺតេនិងកូនស្រីឈ្មោះ សារ៉ា ឌុយតឺតេ-កាពីអូ អាចនឹងឈ្នះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ នេះយោងតាមការស្ទង់មតិមួយ ដែលបង្ហាញថាមានការគាំទ្រជាសាធារណៈសម្រាប់មេដឹកនាំរូបនេះបន្តកាន់អំណាចយូរជាងនេះទៀត។

លោកឌុយតឺតេអាយុ ៧៦ ឆ្នាំត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញពីការស្វែងរកអាណត្តិទីពីរក្នុងនាមជាប្រធានាធិបតី ប៉ុន្តែកាលពីសប្តាហ៍មុន គាត់បានបង្ហើបតម្រុយយ៉ាងខ្លាំងថាគាត់អាចនឹងឈរឈ្មោះជាអនុប្រធានាធិបតី។

តំណែងនេះនឹងត្រូវបោះឆ្នោតជ្រើសរើសដាច់ដោយឡែកពីគ្នា។

ការស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន ២.៤០០ នាក់ដោយក្រុមហ៊ុន Pulse Asia ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ៧ និង ១៦ខែមិថុនាបានដាក់លោកឌុយទែតនៅទីកំពូលក្នុងចំណោមបេក្ខជនសក្តានុពលចំនួន ១៥ រូបសម្រាប់តំណែងអនុប្រធានាធិបតី ដោយមានសំឡេងគាំទ្រ ១៨ ភាគរយ និងបានចាត់ចំណាត់ថ្នាក់កូនស្រីសារ៉ារបស់គាត់នៅលេខរៀងទីមួយក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី ជាមួយសំឡេងគាំទ្រ ២៨ ភាគរយ។
ក្រុមអ្នករិះគន់លោកឌុយតឺតេ ជឿថាគាត់អាចលេងល្បែងនយោបាយដើម្បីរក្សាអំណាចតាមរយៈតំណែងលេខ២នេះ ដោយដណ្តើមយកតំណែងប្រធានាធិបតីពីសម្ព័ន្ធមិត្តដែលឈ្នះឆ្នោតបន្ទាប់មកក៏លាឈប់ពីតំណែងអនុប្រធានាធិបតី។

អ្នកប្រឹក្សាផ្នែកច្បាប់របស់លោកឌុយទែតគឺលោក សាល់វ៉ាដូ ផាណេឡូ បានច្រានចោលគំនិតនោះថាជា “ការនិយាយពន្លើសហួសហេតុ”។

នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Pulse Asia រាប់បញ្ចូលមេដឹកនាំហ្វីលីពីនជាអ្នកប្រជែងដ៏មានសក្តានុពលសម្រាប់ការបោះឆ្នោតខែឧសភាឆ្នាំ ២០២២ ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងមុនពេលដែលលោក ឌុយតឺតេ និយាយថាលោកកំពុងពិចារណាយ៉ាងខ្លាំងលើតំណែងអនុប្រធានាធិបតី។
កូនស្រីសារ៉ា ដែលបានស្នងតំណែងចៅហ្វាយក្រុងដាវ៉ៅ បានឈរទីកំពូលក្នុងការស្ទង់មតិលើកទីបី ដោយនាំមុខបេក្ខជន ១៤ នាក់ផ្សេងទៀតរួមមានទាំង អ្នកប្រដាល់មែននី ប៉ាកគីអៅ ។

កាលពីសប្តាហ៍មុន លោកស្រី ឌុយតឺតេ កាពីអូ អាយុ ៤២ ឆ្នាំត្រូវបានដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថា លោកស្រីបើកចំហសម្រាប់ឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីបន្ទាប់ពីប៉ុន្មានខែមុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាលោកស្រីមិនចាប់អារម្មណ៍តំណែងនេះទេ។

ប្រធានាធិបតីឌុយតឺតេកាលពីថ្ងៃចន្ទទី១២ កក្កដាបានបញ្ជាក់ជាថ្មីថា លោកមិនចង់ឱ្យសារ៉ាឈរឈ្មោះប្រជែងតំណែងនេះទេ ដើម្បីជួយកូនស្រី “គេចផុតពីស្ថានភាពមិនប្រាកដប្រជានៃនយោបាយនៅហ្វីលីពីន”៕