រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោក កាលពីថ្ងៃទី១៥ ខែកក្កដា បានប្រកាសដាក់ឱ្យដំណើរការ បណ្តាញធុរកិច្ចថ្មីមួយ ដែលប្រមូលចងក្រង អាជីវកម្ម ក្នុងគោលបំណង លើកកម្ពស់អាហារូបត្ថម្ភឱ្យបាន កាន់តែប្រសើរឡើង។
បណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា (SBNCambodia) នេះ ជាគំនិតផ្តួចផ្តើម ថ្មីមួយ ដែលប្រមូលផ្ដុំនូវអាជីវកម្ម នៅក្នុងវិស័យស្បៀងអាហារ ដែលមានទស្សនវិស័យវែងឆ្ងាយ សម្រាប់អនាគត ដើម្បីពន្លឿនវឌ្ឍនភាព អាហារូបត្ថម្ភ នៅទូទាំងប្រទេសកម្ពុជា។
បណ្តាញធុរកិច្ចនេះ ត្រូវបានបង្កើតឡើង ដោយក្រុមប្រឹក្សា ស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ (CARD) ដោយមានការគាំទ្រ ពីកម្មវិធីស្បៀងអាហារ ពិភពលោក (WFP) ដើម្បីជំរុញកិច្ចសហការ និងការគាំទ្រ គ្នាទៅវិញទៅមក រវាងវិស័យឯកជន សមាគមធុរកិច្ច រដ្ឋាភិបាល សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែក ក្នុងការជំរុញឱ្យមាន របបអាហារសុខភាព និងការអនុវត្ត ទម្លាប់សុខភាពប្រកបដោយ និរន្តរភាព។
អាជីវកម្មចំនួន ២០ បានចុះឈ្មោះជាមួយ បណ្ដាញធុរកិច្ច ក្នុងនាមជាសមាជិក ស្ថាបនិក នៃចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា។ អ្នកចូលរួមចំនួន ១១៥ នាក់ មកពីវិស័យឯកជន សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងសង្គមស៊ីវិល បានចូលរួម ក្នុងពិធីបើកសម្ភោធនេះ។អ្នកចូលរួមបានពិភាក្សា អំពីការចូលរួមរបស់វិស័យឯកជន ក្នុងការកាត់បន្ថយ បញ្ហាអាហារូបត្ថម្ភ និងលើកកម្ពស់ប្រព័ន្ធស្បៀង ប្រកបដោយចីរភាពដោយអនុវត្តន៍ នូវសសរស្តម្ភ យុទ្ធសាស្ត្រទាំង៥ នៃចក្ខុវិស័យរបស់ បណ្ដាញធុរកិច្ច (SBN)។
សសរស្តម្ភយុទ្ធសាស្ត្រ ទាំង៥ មានដូចជា ការបង្កើតឡើងនូវ បណ្តាញធុរកិច្ចមួយ ដ៏រឹងមាំ លើក កម្ពស់ការយល់ដឹង និងតម្រូវការអាហារូបត្ថម្ភ បង្កើនការផ្គត់ផ្គង់អាហារ ដែលសម្បូរជីវជាតិ និងអាហារដែលមាន បញ្ចូលមីក្រូសារជាតិ ពង្រឹងបរិយាកាស អំណោយផល សម្រាប់លើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ នៅក្នុងសហគមន៍ និងនៅកន្លែងធ្វើការ។
ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជា មានកំណើន ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយក៏ដោយ បញ្ហាកង្វះអាហា រូបត្ថម្ភ និងកង្វះមីក្រូសារជាតិ នៅតែជាបន្ទុកធ្ងន់មួយ។ កុមារអាយុ ក្រោមប្រាំឆ្នាំ ចំនួន១០% ស្គម ស្គាំង និង ៣២% ក្រិសក្រិន នៅឆ្នាំ២០១៤។
លោក សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមាន ប្រសាសន៍ថាៈ “យើងមានមោទនភាព ចំពោះវឌ្ឍនភាព ក្នុងអំឡុងទសវត្ស កន្លងមកនេះ ក្នុងការកែលម្អ ស្ថានភាពអាហារូបត្ថម្ភ ជាពិសេសសម្រាប់កុមារ។”
“ទោះយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀត ដែលយើងត្រូវធ្វើ ដើម្បីលុប បំបាត់ បញ្ហាអាហារូបត្ថម្ភ។ អាជីវកម្មក្នុងស្រុក គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ គុណភាពអាហារ សម្រាប់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា ការបើកឱ្យដំណើរការ នូវបណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជានេះ រួមជាមួយនឹងការគាំទ្រ ជាបន្តបន្ទាប់របស់យើង ទៅលើវិស័យឯកជន នឹងសរបញ្ជាក់ ឱ្យឃើញច្បាស់ នូវសារៈសំខាន់ និងតម្លៃនៃតួនាទីរបស់ អាជីវកម្មក្នុងស្រុក។”
ការបង្កើតបណ្ដាញធុរកិច្ច (SBN) នៅកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិដ៏សំខាន់ក្នុងការ គាំទ្រដល់ ចលនាបង្កើនអាហារូបត្ថម្ភសកល ដែលមានគោលដៅលុបបំបាត់ បញ្ហាអាហារូបត្ថម្ភ ទូទាំងពិភពលោក ត្រឹមឆ្នាំ២០៣០។ ចលនានេះទទួលស្គាល់នូវ តួនាទីដ៏សំខាន់ របស់វិស័យឯកជន ក្នុងការកែលម្អ អាហារូបត្ថម្ភ និងចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព។
លោកស្រី ក្លែរ កូណាន់ តំណាងរបស់កម្មវិធីស្បៀងអាហារ ពិភពលោកប្រចាំនៅកម្ពុជាបានមាន ប្រសាសន៍ថាៈ “យើងខ្ញុំសូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលបានបង្កើតនូវ បណ្តាញធុរកិច្ចនេះ និងទន្ទឹងការសហការជាមួយសមាជិក ស្ថាបនិក ទាំងចាស់ ទាំងថ្មី នាពេលអនាគត។”
“ពួកយើងជឿជាក់ថា ការកែលម្អសមាសធាតុ អាហារូបត្ថម្ភ ផលិតផលអាហារ គឺជាជម្រើសឈ្នះឈ្នះ សម្រាប់អតិថិជនផង និងសម្រាប់អាជីវកម្មផងពីព្រោះអាជីវកម្ម ណា ដែលផ្តល់នូវអាហារូបត្ថម្ភល្អ នឹងនាំឱ្យអាជីវកម្មនោះ មានលក្ខណៈពិសេស ប្លែកពីអាជីវកម្មដទៃ ដូច្នេះនាំឱ្យមានកំណើន នៃការលក់ និងប្រាក់ចំណេញ។”
លោក លាង ឡេង ម្ចាស់ផលិតកម្មត្រី និងទឹកស៊ីអ៊ីវ និងជាសមាជិកស្ថាបនិក របស់បណ្ដាញធុរកិច្ច SBN កម្ពុជា បានមានមតិថាៈ “ខ្ញុំជឿជាក់ថា បណ្ដាញធុរកិច្ច SBN នឹងបង្កើតនូវគំនិត និងទំនាក់ ទំនងថ្មីៗជាច្រើន ក៏ដូចជាអប់រំដល់សាធារណជន អំពីសារៈសំខាន់នៃអាហារូបត្ថម្ភ។ កត្តានេះ នឹងបង្កើននូវ តម្រូវការខ្ពស់ជាងមុន៕
































