(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌូណេស៊ី កំពុងស្ថិតនៅក្នុងកិច្ច សន្ទនាជាយុទ្ធសាស្ត្រ ហើយវាជារឿងដែលបានគ្រោងទុក ប៉ុន្មានឆ្នាំរួចមកហើយ។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១។ លោក Blinken បានថ្លែងដូចខាងលើនេះ បន្ទាប់ពីបានទទួលស្វាគមន៍ និងជួប សន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី រ៉េតណូ ម៉ាស៊ូទី (Retno Marsudi) ដែលបានមកបំពេញទស្សនកិច្ច នៅរដ្ឋធានីវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។
លោក Blinken បានថ្លែង ចេញពីទីស្នាក់ការ នៃក្រសួងការបរទេសអាមេរិកថា «ឥណ្ឌូណេស៊ីគឺជាដៃគូប្រជាធិបតេយ្យ ដ៏រឹងមាំ មួយរបស់សហរដ្ឋអាមេរិក… យើងកំពុងធ្វើការងាររួមគ្នា ទៅលើវិស័យចំរុះជាច្រើន»។
ជាការឆ្លើយតបវិញ លោកស្រី Marsudi បានសង្កត់ធ្ងន់ថា «ឥណ្ឌូណេស៊ីគឺជាប្រទេសសេដ្ឋកិច្ចធំ ជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ហើយប្រទេសនេះនឹងក្លាយជាមូលដ្ឋានគន្លឹះសម្រាប់ សហរដ្ឋអាមេរិក ដើម្បីបង្កើនការផ្សាភ្ជាប់នៅក្នុងតំបន់…។
សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់បំផុតមួយ សម្រាប់អាស៊ានក្នុងការអនុវត្តទស្សនវិស័យរបស់ខ្លួន ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ទីក្រុងវ៉ាស៊ីនតោនក៏បានបង្ហាញក្តីសង្ឃឹមផងដែរ ចំពោះវត្តមានរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជា ប្រធាននៃវេទិកា G20 នៅឆ្នាំ២០២២ ហើយអាមេរិករំពឹងទៀតថា ឥណ្ឌូណេស៊ីនឹងធ្វើការពិភាក្សា អំពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាមួយសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាប្រឈម នានា ដែលតម្រូវឲ្យប្រទេសទាំងពីរធ្វើការងាររួមគ្នា ដើម្បីដោះស្រាយទៅថ្ងៃមុខ៕
































