(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ ជាមួយ លោក អេនតូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីការបរទេសនៃ បណ្តាប្រទេសជាសមាជិក មេគង្គដទៃទៀត។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-អាមេរិកលើកទី២ បានពិនិត្យមើលពីមិត្តភាព និងកិច្ច សហប្រតិបត្តិការដ៏រឹងមាំ ជាងមួយទសវត្សរ៍ នៃកិច្ចសហការរវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេស មេគង្គ ដែលផ្តោតសំខាន់លើការពង្រឹងការតភ្ជាប់ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងអនុតំបន់តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិភាព ចំនួន៤ រួមមាន៖ (១)ការតភ្ជាប់សេដ្ឋកិច្ច (២)ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស និងការការពារបរិស្ថាន (៣)សន្តិសុខមិនប្រពៃណី និង(៤)ការអភិវឌ្ឍធនធានមនុស្ស។
រដ្ឋមន្រ្តីទាំងអស់បានគូសបញ្ជាក់ជាថ្មីម្តងទៀត អំពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការលុបបំបាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ការការពារចំពោះការផ្ទុះឡើងនៅថ្ងៃអនាគត និង ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសនៃប្រទេសមេគង្គបាន ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលបានសន្យាផ្តល់ជំនួយ៥២លានដុល្លារអាមេរិកដល់ប្រទេសមេគង្គ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជា ស្រេច ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោះស្រាយនូវ បញ្ហា ប្រឈមទូទៅ រួមមាន ការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម ដើម្បីស្តារ ឡើងវិញ នូវសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសមេគង្គ មានប្រជាជនសរុបចំនួន ២៤០លាន នាក់ ដែលក្នុងនោះ ៤០ភាគរយ មានអាយុក្រោម២៥ឆ្នាំ ដែលធ្វើអោយតំបន់នេះ ក្លាយជាមជ្ឈ មណ្ឌលទាក់ទាញសម្រាប់ឧស្សាហកម្មផលិតកម្មធុនស្រាល និងការធ្វើសមាហរណកម្មបន្ថែមទៅ ក្នុងសង្វាក់ផ្គត់ផ្គង់ផលិតកម្មពិភពលោក។ សហរដ្ឋអាមេរិកបាននាំចេញនូវទំនិញ និងសេវាកម្ម ប្រមាណ២៦ពាន់លានដុល្លារអាមេរិក មកកាន់អនុតំបន់មេគង្គ និងនាំចូលវិញ ប្រមាណ៨៩,៩៤ ពាន់លានដុល្លារអាមេរិក។
កម្ពុជាសង្ឃឹមថា នឹងបន្តមានវិស័យឯកជនបន្ថែមទៀត ចូលមកវិនិយោគ លើ វិស័យទេសចរណ៍ សហគ្រាសធុនតូច និងមធ្យម និងវិស័យជាអាទិភាពដទៃទៀតនៅកម្ពុជា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកំឡុងពេល និងក្រោយវិបត្តិជំងឺកូវីដ-១៩ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមបង្កើតកិច្ចសន្ទនា គោលនយោបាយសមភាពយេនឌ័រដែលផ្តោតលើ៖ ១៖ ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ដោយ ផ្តោតលើការស្តារឡើងវិញក្រោយកូវីដ-១៩ និងវិបត្តិអាកាសធាតុ ២៖ ស្ត្រី សន្តិភាព និងសន្តិសុខ ដោយផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ៣៖ ការការពារ និងឆ្លើយតបទៅនឹងអំពើហឹង្សាផ្អែក លើយេនឌ័រ ដោយសង្ឃឹមថា កម្មវិធីទាំងនេះនឹងផ្តល់នូវធាតុចូល និងអនុសាសន៍ដែលមានប្រសិទ្ធ ភាពលើវិធីពង្រឹងសមត្ថភាពស្ត្រី និងចូលរួមវិភាគទានដល់វឌ្ឍនភាពសង្គម។
កម្ពុជាតាមរយៈក្រសួងកិច្ចការនារី បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ដើម្បីសម្រេចនូវគោលដៅរួមនេះ៕
































