តាលីបង់បានអំពាវនាវឱ្យមានទំនាក់ទំនងមិត្តភាពជាមួយសហរដ្ឋអាម៉េរិកហើយបានបង្ហាញថាពួកគេជិតប្រកាសសេចក្តីលម្អិតអំពីរដ្ឋាភិបាលថ្មី ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីទាហានអាម៉េរិកចុងក្រោយបានហោះចេញពីទីក្រុងកាប៊ុលដើម្បីបញ្ចប់សង្គ្រាមរយៈពេល ២០ ឆ្នាំ។
អ្នកនាំពាក្យសំខាន់របស់ក្រុមតាលីបង់បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារទី ៣១ ខែសីហាពីអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃដែលជាកន្លែងចុងក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់អាម៉េរិក យ៉ាងដូច្នេះថា “អេមីរ៉ាតអ៊ីស្លាមចង់មានទំនាក់ទំនងល្អនិងការទូតជាមួយអាម៉េរិក”។
សង្គ្រាមដ៏យូរបំផុតរបស់អាម៉េរិកបានឆក់យកជីវិតទាហានអាម៉េរិកជិត ២.៥០០ នាក់និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ ២៤០.០០០ នាក់ហើយត្រូវចំណាយប្រហែល ២ ទ្រីលានដុល្លារ។
មេដឹកនាំតាលីបង់សំខាន់ៗបានអបអរជ័យជម្នះជានិមិត្តរូបដោយដើរឆ្លងកាត់ផ្លូវយន្តហោះដើម្បីកត់សម្គាល់ជ័យជម្នះរបស់ពួកគេ។
ការអបអរនេះធ្វើឡើងសូម្បីក្រុមសកម្មប្រយុទ្ធនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗជាច្រើនដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើប្រទេសនេះ។
លោកមូចាហ៊ីដបានបន្ថែមថាកិច្ចប្រជុំរយៈពេលបីថ្ងៃនៃក្រុមប្រឹក្សាថ្នាក់ដឹកនាំរបស់ក្រុមតាលីបង់បានប្រព្រឹត្តទៅក្រោមការណែនាំរបស់មេដឹកនាំកំពូលរបស់ពួកគេគឺលោក ហៃបាទូលឡា អាឃុនហ្សាដា នៅទីក្រុងកាន់ដាហាភាគខាងត្បូងដែលជាបន្ទាយរឹងមាំរបស់ក្រុមបះបោរនេះ។
លោកមូចាហ៊ីដបាននិយាយក្នុងសារជាអក្សរទៅកាន់អ្នកយកព័ត៌មានថា “ការសម្រេចចិត្តមួយចំនួនត្រូវបានធ្វើឡើងទាក់ទងនឹងការការពារទំនិញរតនាគារសាធារណៈនិងហេដ្ឋារចនាសម្ពន្ធ និងការប្រព្រឹតល្អចំពោះប្រជាជននិងការផ្តល់សេវាកម្មសាធារណៈនានាដល់ពួកគេ។ ការពិគ្រោះយោបល់ត្រូវបានធ្វើឡើងស្តីពីការបង្កើតរដ្ឋាភិបាលនិងគណៈរដ្ឋមន្ត្រីអ៊ីស្លាមថ្មីនៅក្នុងប្រទេស”៕
































