នាយករដ្ឋមន្ត្រីថៃ រងការចោទប្រកាន់ថា ខ្ចីលុយច្រើនបំផុតនិងចំណាយច្រើនបំផុតតែសមិទ្ធិផលតិច

បាងកកប៉ុស្តិ៍:៖មេដឹកនាំគណបក្ស សេរី រួមថៃ លោកឧត្តមសេនីយ៍ សេរីពីស៊ុត តេមីយ៉ាវេត បានចោទប្រកាន់នាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់ អូចាថាជាអ្នកខ្ចីលុយគេធំបំផុតនិងក៏ជាអ្នកចាយលុយច្រើនបំផុតផងដែរធៀបនឹងនាយករដ្ឋមន្ត្រីថៃទាំងអស់ ហើយថែមទាំងអសមត្ថភាពនិងពុករលួយ។

ក្នុងអំឡុងការជជីកសួរដេញដោលក្នុងសភាកាលពីថ្ងៃអង្គារមុនបោះឆ្នោតសម្តែងការទុកចិត្តនៅថ្ងៃសៅរ៍ អតីតមេប៉ូលិសរូបនេះបាននិយាយថាពេញរយៈពេលដឹកនាំ៧ឆ្នាំ ជានាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា បានខ្ចីលុយដល់ទៅ៥,៣ទ្រីលានបាត តែប្រាក់មួយចំនួនធំត្រូវបានប្រើសំរាប់ធ្វើអោយយោធាស្ងប់ចិត្ត ពង្រឹងររបបរបស់គាត់ តាមរយៈផ្តល់លុយដល់កម្មវិធីទិញសព្វាវុធ។

លោកបានបន្ថែមថា នៅពេលក្រសួងការពារជាតិបានលៃប្រាក់ទុកសន្ធឹកសន្ថាប់ដោយមិនឃើញមានសមិទ្ធិផលធំដុំណាមួយ ក្រសួងសុខាភិបាលដែលមានភារកិច្ចមើលថែសុខភាពប្រជាជនក្នុងពេលប្រទេសជួបជំងឺឆ្លង បែរជាទទួយលបានលុយតិចជាង។

លោកបានចោទប្រកាន់ថា លុយមួយចំនួនធំត្រូវបានរដ្ឋាភិបាលប្រើសំរាប់គំរោងយកចិត្តរាស្ត្រមានចាប់តាំងពីកាតសុខមាលភាពរដ្ឋ“Chim-Shop-Chai” គំរោងចំណាយរួម៥០ : ៥០ រហូតដល់ “Rao Tiew Duay Kan”(យើងធ្វើដំណើររួមគ្នា)និង“Rao Chana” (យើងឈ្នះ) ក្នុងគោលបំណងដណ្តើមទឹកចិត្តប្រជាជននៅមុនការបោះឆ្នោតជាតិនាពេលខាងមុខ។

អតីតមេប៉ូលិសរូបនេះក៏ចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថា ប្រើកណ្តាប់ដៃធ្ងន់លើអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដោយបាតុករមួយចំនួនត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទប្រមាថស្តេចនិងបះបោរប្រឆាំងអាជ្ញាធរ ខណៈមួយចំនួនត្រូវបានបដិសេធការនៅក្រៅឃុំ រហូតដល់ពួកគេមួយចំនួនធំឆ្លងកូវីដ១៩នៅក្នុងកន្លែងឃុំឃាំង។

ទោះជាយ៉ាងណា លោកប្រាយុទ្ធ បានច្រានចោលការចោទប្រកាន់របស់អតីតមេប៉ូលិសរូបនេះ អំពីការប្រើថវិកាជាតិខុសដោយរាល់ការចំណាយស្របតាមច្បាប់និងអាចត្រួតពិនិត្យបាន។

លោកប្រាយុទ្ធ កាលពីម្សិលមិញក៏បានច្រានចោលការចោទប្រកាន់អំពីការមានអំពើពុករលួយក្នុងការទិញវ៉ាក់សាំងកូវីដ១៩ ហើយថារូបលោកត្រៀមអោយគេពិនិត្យលើបញ្ហានេះ។លោកបដិសេធថាមិនបានកិបកេងលុយមួយកាក់មួយសេនទេ ក្រោយពីសមាជិកសភាបក្សភឿថៃម្នាក់ជជីកសួរអំពីភាពមិនស្របគ្នារវាងថវិកាអនុម័តនិងថ្លៃចំណាយ២ពាន់លានបាតលើវ៉ាក់សាំងSinovacដែលថៃបានទិញចំនួន៥ដង៕