ការឆ្លងកូវីដ១៩នៅវៀតណាមនិងថៃធ្លាក់ចុះ តែនៅខ្ទង់មួយថ្ងៃជាង១ម៉ឺននៅឡើយ

ហាណូយ,បាងកក៖ អាជ្ញាធរសុខាភិបាលវៀតណាមបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១១.៤២៩នាក់កាលពីថ្ងៃពុធ ដោយធ្លាក់ចុះចំនួន១.១៦២នាក់ពីចំនួនឆ្លងកាលពីថ្ងៃអង្គារ។

ក្នុងចំណោមអ្នកឆ្លងខាងលើ ទីក្រុងហូជីមិញនាំមុខគេគឺមានអ្នកឆ្លងថ្មី៥.៣៦៨នាក់ បន្ទាប់មកខេត្តប៊ិញហ្វឿងក្បែរខាងចំនួន៣.៤៤០នាក់ និងដុងណាយភាគខាងត្បូងចំនួន៧៥៩នាក់។

ចំនួនអ្នកជំងឺកូវីដ១៩ស្លាប់ក៏ធ្លាក់ចុះ គឺ៤៣៣នាក់ត្រូវបានកត់ត្រាឃើញកាលពីថ្ងៃអង្គារ និង៣៦៤នាក់កាលពីថ្ងៃពុធ។

វៀតណាមគិតមកត្រឹមថ្ងៃពុធមានអ្នកកើតកូវីដ១៩ចំនួន៤៧៣.៥៣០នាក់ ចាប់តាំងពីការផ្ទុះជំងឺនេះនៅរលកទី៤អស់ពេលបួនខែមកនេះ តែ២៤៨.៧២២នាក់បានជាចេញពីមន្ទីរពេទ្យ។

ប្រទេសអាស៊ីអាគ្នេយ៍នេះបានចាក់វ៉ាក់សាំងលើមនុស្ស២០,២លាននាក់ ក្នុងនេះ ២,៧លាននាក់ចាក់បាន២ដូស។ នៅប្រទេសថៃ ក្រសួងសុខាភិបាលកាលពីថ្ងៃពុធម្សិលមិញក៏បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤.៨០២នាក់សំរាប់ថ្ងៃអង្គារ។វាជាចំនួនឆ្លងធ្លាក់ចុះដល់ថ្ងៃទី១៦ជាប់ៗគ្នា ក្រោយពីប្រទេសនេះជួបការឆ្លងជាង២៣.០០០នាក់កាលពីថ្ងៃ១៣សីហា។

ថៃក៏បានប្រកាសអ្នកស្លាប់ដោយកូវីដ១៩ចំនួន២៥២នាក់ទៀតកាលពីម្សិលមិញ។

សូមបញ្ជាក់ថាចាប់តាំងពីថ្ងៃ១មេសាមក នៅពេលកូវីដ១៩រលកទី៣វាយប្រហារថៃមក ប្រទេសនេះបានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩សរុប ១.១៩០.៦៦៨នាក់ តែ១.០១៣.៣៤២នាក់បានជាសះស្បើយ និង១១.៧៤៧នាក់ស្លាប់៕