ប្រជាជនអាហ្វហ្គានីស្ថានបានក្រោកពីដំណេកនៅព្រឹកថ្ងៃអង្គារទី ៣១ខែសីហាដោយដឹងការពិតថាប្រទេសអាហ្វហ្គានីស្ថានគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ទាំងស្រុងជាមួយនឹងការភ័យខ្លាចកាន់តែខ្លាំងឡើងថាប្រទេសរបស់ពួកគេនឹងត្រូវធ្លាក់ចុះដុនដាបនៅក្រោមរបបគាបសង្កត់ចំពេលមានវិបត្តិសេដ្ឋកិច្ចនិងមនុស្សធម៌កើនឡើង។
ខណៈយន្តហោះអាម៉េរិកចុងក្រោយហោះហើរបាត់ពីរដ្ឋធានីកាប៊ុលនៅពេលយប់និងដំណឹងនៃការចាកចេញរបស់ពួកគេកាន់តែជាក់ច្បាស់ក្រុមអ្នកប្រយុទ្ធតាលីបង់បានបាញ់កាំភ្លើងលើមេឃអបអរសាទរ ដោយបង្កើតផ្កាភ្លើងភ្លឺពេញស្បៃរាត្រី។
ការដកទ័ពរបស់អាម៉េរិកបានបញ្ចប់ការកាន់កាប់រយៈពេល ២០ ឆ្នាំដែលចំណាយអស់ជាង ២ ទ្រីលានដុល្លារអាម៉េរិក ដោយឆក់យកជីវិតមនុស្សជាង ១៧០.០០០នាក់និងចុងក្រោយត្រូវបានកាន់កាប់ដោយក្រុមបះបោរដដែល ដែលសហរដ្ឋអាម៉េរិកព្យាយាមផ្តួលរំលំ។
លោក សាអាដ ម៉ូសេនី ជាម្ចាស់ទូរទស្សន៍ Toloធំជាងគេបំផុតនៅអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់ពីឧបសគ្គធំៗ ដែលក្រុមតាលីបង់នឹងប្រឈមមុខរួមទាំងការទទួលបានការគាំទ្រពីប្រជាជនអាហ្វហ្គានីស្ថានជារៀងរាល់ថ្ងៃ។
លោកបាននិយាយថា “ការរំពឹងទុករបស់ប្រជាជនបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃសេរីភាពនិងការរំដោះ ហើយការឈឺចាប់នៅមិនទាន់មកដល់ទេ។
តើតាលីបង់នឹងចូលរួមជាមួយពិភពលោកដោយវិធីសាស្ត្ររួមបញ្ចូលគ្នា ឬ តើតាលីបង់នឹងត្រឡប់ទៅរករបៀបពីអតីតកាលវិញ?”។
ឥឡូវនេះក្រុមតាលីបង់កំពុងប្រឈមមុខនឹងតម្រូវការក្នុងការបង្កើតរដ្ឋាភិបាល ដែលប្រជាជនអាហ្វហ្គានីស្ថាននិងរដ្ឋាភិបាលបរទេសភាគច្រើនប្រហែលជាមិនទទួលស្គាល់។
សេវាកម្មមូលដ្ឋានដូចជាអគ្គិសនីកំពុងស្ថិតក្រោមការគំរាមកំហែងដោយសារបុគ្គលិករដ្ឋជាច្រើនមិនព្រមមកធ្វើការ។រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កកទុនបម្រុងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានហើយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានរារាំងអាហ្វហ្គានីស្ថានមិនឱ្យចូលប្រើទុនបម្រុងគ្រាអាសន្ននោះទេ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ស្ទើរតែពាក់កណ្តាលនៃប្រជាជនអាហ្វហ្គានីស្ថាន គឺ ១៨លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌ដើម្បីរស់រាន។
“ជនជាតិអាហ្វហ្គានីស្ថានម្នាក់ក្នុងចំណោមបីនាក់មិនដឹងថាអាហារបន្ទាប់របស់គាត់នឹងបានមកពីណា។ ជាងពាក់កណ្តាលនៃកុមារទាំងអស់ដែលមានអាយុក្រោម ៥ឆ្នាំត្រូវបានគេរំពឹងថានឹងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរនៅឆ្នាំក្រោយ។ មនុស្សកំពុងបាត់បង់សិទ្ធិទទួលបានទំនិញនិងសេវាកម្មមូលដ្ឋានជារៀងរាល់ថ្ងៃ”។
លោក រ៉ាមីស អាឡាក់បារ៉ូវ ជាអ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិសម្រាប់អាហ្វហ្គានីស្ថានបាននិយាយថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗក្នុងពេលឆាប់ៗនេះដោយសារស្តុកស្បៀងអាហារនឹងអស់នៅចុងខែកញ្ញា។
លោកបាននិយាយថា នៅទីក្រុងកាប៊ុលប្រជាជនអាចនឹង “ជិតឈានដល់មហន្តរាយមនុស្សធម៌”។ លោកនិយាយថា “តម្លៃទំនិញកំពុងឡើងថ្លៃ។ គ្មានប្រាក់ខែទេនៅចំណុចខ្លះមនុស្សរាប់លាននាក់នឹងឈានដល់ការអស់សង្ឃឹម”។
លោកគូថេរ៉េសបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍របស់គាត់ថា”គ្រប់ភាគីទាំងអស់សូមជួយសម្រួលដល់ការចូលនៃជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពនិងគ្មានការរំខានសម្រាប់ការផ្គត់ផ្គង់ដើម្បីសង្គ្រោះជីវិតនិងទ្រទ្រង់ជីវិត” ដូចជាអាហារនិងឧបករណ៍វេជ្ជសាស្ត្រ។
មន្ត្រីយោធាអាម៉េរិកម្នាក់បាននិយាយថាជនជាតិអាម៉េរិកគ្រប់រូបដែលចង់ចាកចេញនិងអាចទៅដល់អាកាសយានដ្ឋានត្រូវបានគេរារាំង។ ប៉ុន្តែជនជាតិអាម៉េរិកមួយចំនួនដែលគេគិតថាតិចជាង ៣០០ នាក់បានបន្តស្នាក់នៅអាហ្វហ្គានីស្ថានដោយសារជម្រើសឬដោយសារតែពួកគេមិនអាចទៅដល់អាកាសយានដ្ឋាន៕
































