ពួកតាលីបង់ហែក្បួនជ័យជម្នះជាមួយយោធូបករណ៍របស់អាម៉េរិក

ក្រុមតាលីបង់កាលពីថ្ងៃពុធបានដង្ហែក្បួនយោធូបករណ៍យោធាមួយចំនួនដែលពួកគេរឹបអូសបានក្នុងអំឡុងពេលពួកគេកាន់កាប់អាហ្វហ្គានីស្ថាន ខណៈក្រុមអ្នកជំនាញមកពីប្រទេសកាតាបានចុះចតនៅឯអាកាសយានដ្ឋានសំរាមក្នុងទីក្រុងកាប៊ុល ដែលជាជំហានដំបូងឆ្ពោះទៅរកការស្តារឡើងវិញនិងដំណើរការជាខ្សែជីវិតសម្រាប់ជំនួយ។

ប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាជើងហោះហើរកាតាអ៊ែរវ៉េដែលជាជើងហោះហើរដំបូងគេចុះចតនៅទីក្រុងកាប៊ុលចាប់តាំងពីសហរដ្ឋអាម៉េរិកបានដកទ័ពចេញពីអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ បាននាំក្រុមអ្នកជំនាញបច្ចេកទេសទៅធ្វើការនៅអាកាសយានដ្ឋាន។

គោលដៅគឺដើម្បីបន្តការហោះហើរសម្រាប់ជំនួយបន្ទាប់ពីអង្គការសហប្រជាជាតិបានព្រមានអំពី “មហន្តរាយមនុស្សធម៌” ដែលកំពុងជិតកើតឡើងនៅអាហ្វហ្គានីស្ថានដែលហែកហួរដោយសង្គ្រាម និង ដើម្បីផ្តល់ផ្លូវចេញសម្រាប់អ្នកដែលចង់រត់គេចពីរបបថ្មី។

ការពិភាក្សាកំពុងបន្តធ្វើឡើងថាតើអ្នកណានឹងដំណើរការអាកាសយានដ្ឋាននេះ ដែលគ្រាន់តែជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមជាច្រើនដែលក្រុមតាលីបង់កំពុងប្រឈមមុខនៅពេលពួកគេផ្លាស់ប្តូរពីក្រុមបះបោរមកអ្នកគ្រប់គ្រងអំណាចពេញសិទ្ធិ។

ក្រុមក្បាលរឹងអ៊ីស្លាមមួយនេះ ដែលមិនទាន់ប្រកាសរដ្ឋាភិបាលថ្មីនៅឡើយ កំពុងអបអរសាទរការដកទ័ពអាម៉េរិកថាជាជ័យជម្នះជាប្រវត្តិសាស្ត្របន្ទាប់ពីបានគ្រប់គ្រងអាហ្វហ្គានីស្ថានកាលពីពីរសប្តាហ៍មុន។

ការមកដល់របស់ពួកគេក្នុងទីក្រុងកាប៊ុលបានបិទបញ្ចប់ការវាយលុកកាន់កាប់រយៈពេលពីរសប្តាហ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនៅទូទាំងប្រទេស ដោយបញ្ចប់ការបះបោររយៈពេល ២០ ឆ្នាំរបស់ពួកគេ។

កាលពីថ្ងៃពុធរថយន្ត Humvee ពណ៌គគីរនិងរថពាសដែកបានបើកក្នុងជួរតែមួយដ៏វែងនៅលើផ្លូវហាយវ៉េមួយនៅក្រៅក្រុងកាន់ដាហា ដែលជាកន្លែងកំណើតនៃចលនាសកម្មប្រយុទ្ធតាលីបង់ ដោយយានជំនិះយោធាភាគច្រើនមានទង់តាលីបង់ពណ៌សនិងខ្មៅ។

ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះលើមេឃខណៈអ្នកប្រយុទ្ធគ្រវីដៃពីក្រោម។

យ៉ាងហោចឧទ្ធម្ភាគចក្រ Black Hawkមួយគ្រឿងឃើញហោះនៅលើទីក្រុងកាន់ដាហាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយបង្ហាញថាមានមនុស្សមកពីអតីតកងទ័ពអាហ្វហ្គានីស្ថានកំពុងបញ្ជាវា ព្រោះក្រុមតាលីបង់ខ្វះអ្នកបើកយន្តហោះ៕