បាងកក៖ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃពុធបានបដិសេធពាក្យចចាមអារ៉ាមថានឹងមានការរុះរើគណៈរដ្ឋមន្ត្រី ព្រមទាំងការរំលាយសភា តែលោកបញ្ជាក់ថាលោកមានបំណងនៅក្នុងមុខតំណែងនេះរហូតរដ្ឋាភិបាលបញ្ចប់អាណត្តិ៤ឆ្នាំរបស់ខ្លួនពេញលេញនៅឆ្នាំ២០២៣។
ឧត្តមសេនីយ៍ប្រាយុទ្ធបាននិយាយថា« ការគិតដូច្នេះមិនចូលក្នុងក្បាលខ្ញុំអីបន្តិច។អ្នកនិយាយរឿងនេះគួរប្រយ័ត្នខ្លួនមិនថាពួកអ្នកឯងចង់បង្កអោយមានចលាចលក្នុងអំឡុងពេលសភាជជែកសួរដេញដោលសមាជិករដ្ឋាភិបាលមុនការបោះឆ្នោតសម្តែងការមិនទុកចិត្ត ឬអ្វីក៏ដោយ»។
លោកបានប្រតិកម្មដូច្នេះ នៅពេលរដ្ឋាភិបាលប្រឈមការឈ្លេចសួរពីគណបក្សប្រឆាំងក្នុងសភា ក្នុងអំឡុងពេលសួរដេញដោល៤ថ្ងៃមុនការបោះឆ្នោតចុងក្រោយនៅថ្ងៃសៅរ៍។
ការជជីកសួរនិងចោទប្រកាន់បាននិងកំពុងផ្តោតលើនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី៥រូប រួមមានរដ្ឋមន្ត្រីសុខាភិបាល គមនាគមន៍ កសិកម្ម ការងារនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងសង្គម។
ប្រតិកម្មរបស់លោកប្រាយុទ្ធក៏កើតឡើងនៅពេលរដ្ឋាភិបាលចម្រុះរបស់លោកហាក់ចង់រង្គោះរង្គើដោយសារតែលេចឮពាក្យចចាមអារ៉ាមថា មានចលនាកៀរគរកម្លាំងដើម្បីបោះឆ្នោតទម្លាក់នាយករដ្ឋមន្ត្រីនៅក្នុងសភានៅប៉ុន្មានថ្ងៃខាងមុខ។លោកបាននិយាយកាលពីថ្ងៃពុធថា ឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន ដែលក៏ជាប្រធានគណបក្សផាឡាង ប្រាចារ៉ាត(PPRP) បានបញ្ជាក់ជំហររបស់លោកច្បាស់លាស់ហើយនៅក្នុងបក្សនិងមិនមានបញ្ហាទេ។
មុននេះលោកប្រាយុទ្ធបានសារភាពថាលោកបានពិភាក្សាជាមួយលោកប្រាវីតតាមឡាញអំពីពាក្យចចាមអារ៉ាមមួយថា ពួកសមាជិកសភាមកពីគណបក្សក្នុងក្រុមចំរុះខ្លះបានរៀបចំគំរោងផែនការបោះឆ្នោតទម្លាក់លោកនៅការបោះឆ្នោតសម្តែងការទុកចិត្តនៅថ្ងៃសៅរ៍ និងគាបសង្កត់អោយលោករុះរើគណៈរដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំមួយ ឧត្តមសេនីយ៍ប្រាវីតបានបញ្ចេញសាររបស់លោកប្រាយុទ្ធទៅកាន់សមាជិកសភានិងរដ្ឋមន្ត្រីមកពីគណបក្សPPRP។សារនេះសរសេរថា«ហេតុអ្វីពួកសមាជិកសភាមិនគាំទ្រខ្ញុំ។អ្វីជាហេតុផលរបស់គេ?»។
ប្រភពព័ត៌មានបាននិយាយថា លោកប្រាវីតបានបញ្ជាក់ថា សមាជិកសភារបស់បក្សត្រូវបោះឆ្នោតគាំទ្រលោកប្រាយុទ្ធ និងរដ្ឋមន្ត្រី៥រូបទៀតបន្ទាប់ពីការជជីកសួរដេញដោលនេះទៅ៕































