(ហាណូយ)៖ តាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ក្រសួងសុខាភិបាលប្រទេស វៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៥០៣ ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺរាត ត្បាតនេះបានវាយប្រហារប្រទេសវៀតណាមកាលពីដើមឆ្នាំមុន។
ក្នុងចំណោមករណីសហគមន៍នៅថ្ងៃព្រហស្បតិ៍នេះ ខេត្ត Bac Giang នៅតែជាចំណុចក្តៅ នៃការ ផ្ទុះរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ន ជាមួយនឹងការរកឃើញករណី ឆ្លងថ្មីចំនួន ៣២៧ករណី។
ដោយឡែកនៅទីក្រុងហូជីមីញ បានរកឃើញករណីឆ្លងសហគមន៍ថ្មីចំនួន១៣៧ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតផងដែរ ខណៈដែលទីក្រុងនេះមួយបានឈានដល់ថ្ងៃ ទី១៨ ហើយ នៃការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព ដែលបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
សរុបមកវិញ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេស កើនដល់ចំនួន ១២,១៥០នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយ ៤,៦៥៣នាក់៕































