សម្តេចពិជ័យសេនា ទៀ បាញ់បានលើកឡើងថា អត្រាចម្លងជំងឺកូវីដ បានថយចុះគួរឱ្យកត់សម្គាល់, សូមពល រដ្ឋបន្តរអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ និង៣កុំ»

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ នៅព្រឹកថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់ សម្គាល់ ប៉ុន្តែ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ បំផុតនូវវិធានការ «៣ការពារ ៣កុំ»។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងខណៈករណីឆ្លងជំងឺ កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់ ដោយចំនួនអ្នកព្យាបាលជាសះស្បើយ ក៏មានការកើនឡើង ហើយចំនួនអ្នកជំងឺស្លាប់ដោយសារវីរុសកូវីដ១៩ ក៏បន្តធ្លាក់ចុះជាដើម។ល។

តាមរយៈទំព័រ Facebook ផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពល រដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាលុបបំបាត់ការចម្លងជំងឺដ៏កាចសាហាវនេះ»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៩៥,៣០០នាក់, អ្នកជាសះស្បើយសរុបចំនួន ៩០,៦៨៤នាក់, ស្លាប់សរុបចំនួន១,៩៥៧ នាក់។

ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួង ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,២៤២,៨០៦នាក់៕