ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមកដល់ ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីសម្តេច បានអញ្ជើញទៅ ពិនិត្យសុខភាព នៅប្រទេសបារាំង អស់រយៈពេល ២សប្តាហ៍។
នៅក្នុងអំឡុងពេល ដែលសម្តេចក្រឡាហោម ស ខេង កំពុងពិនិត្យសុខភាព នៅប្រទេសបារាំង គឺមានក្រុមមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងមេខ្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ កុហកបោកប្រាស់ បំភ្លៃបំប៉ោងការពិតថា សម្តេចក្រឡាហោម ស ខេង បានជួបមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ នៅបារាំង។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះថាៈ “សម្តេចក្រឡាហោម ស ខេង បានអញ្ជើញ មកដល់កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា នេះ ។
សម្តេចអញ្ជើញទៅបារាំង ពិនិត្យព្យាបាលសុខភាពរបស់គាត់”។
យោងតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា បានឲ្យដឹងថាៈ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរ ទៅកាន់សាធារណរដ្ឋបារាំង អស់រយៈពេល ២ សប្ដាហ៍ ក្នុងធុរៈផ្ទាល់ខ្លួន ដើម្បីពិនិត្យសុខភាព និងក្រោយពីទទួល ការវះកាត់ដោយជោគជ័យ ពីវេជ្ជបណ្ឌិតបារាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។
ខុទ្ទកាល័យ បានបញ្ជាក់ថាៈ បច្ចុប្បន្ន សម្ដេចក្រឡាហោម ស ខេង កំពុងធ្វើចត្តាឡីស័ក ស្របតាមគោលការណ៍ សុខាភិបាលរបស់ រាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹង របស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថាៈ ដោយមានធុរៈផ្ទាល់ខ្លួន និងបានទទួល ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញធ្វើដំណើរ ទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី ២២ ខែ សីហា រហូតដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២១ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធ និងទាត់ចោលចំពោះព័ត៌មាន ដែលក្រុមប្រឆាំង បានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោកសម រង្ស៊ី សម្រេចបង្កើតរដ្ឋាភិបាល បណ្តោះអាសន្នមួយ គឺជាព័ត៌មានមិនពិត ហើយសមត្ថកិច្ច កំពុងតែស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ កាលពីថ្ងៃទី២៩ ខែសីហា ថាៈ “ព័ត៌មាននេះ គឺជាព័ត៌មាន ដែលជនល្មើស បានបំផុស នៅក្នុងហ្វេសប៊ុក របស់ខ្លួន ដែលជាព័ត៌មានមិនពិត សូមទាត់ចោលនៅព័ត៌មាននេះ។ សមត្ថកិច្ចរបស់យើង កំពុងតែដំណើរការស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ រួមទាំងអ្នកស៊ែរ (Share) ផង។
អ្នកខ្លះ Share ដោយចេតនា អ្នកខ្លះ Share ដោយបញ្ហា ឬក៏បញ្ហាអីមួយ ឬក៏មូលហេតុអីមួយ ក៏ប៉ុន្តែឲ្យតែមានធាតុផ្សំ នៃបទល្មើសអាស្រ័យ ទៅលើតុលាការ ជាអ្នកវិនិច្ឆ័យ”។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវ កុំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ឬក៏ Share ពីព្រោះនេះ មិនមែនជាព័ត៌មានពិតប្រាកដទេ ពិសេសប្រជាពលរដ្ឋ ដែលគាំទ្របណ្តាញសង្គមហ្វេសប៊ុក កុំចាប់អារម្មណ៍ និងកុំ Share ចំពោះព័ត៌មាន ដែលមិនពិតនេះ។
ទាក់ទងដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង នៅបារាំង អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែសីហា បានបដិសេធថា សម្ដេចក្រឡាហោម ស ខេង គ្មានគម្រោងជួបជាមួយក្រុមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំងនោះទេ ។
ការបដិសេធរបស់អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន VOD បានចុះផ្សាយថា មន្ត្រីអតីតបក្សប្រឆាំងថា ខ្លួនមានគម្រោងជួបពិគ្រោះយោបល់ ក្រៅផ្លូវការ ជាមួយសម្តេចក្រឡាហោម ស ខេង នៅបារាំង៕
































