(ភ្នំពេញ)៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខី លើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿង ញៀន» នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយក រដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រធានប្រតិភូថ្នាក់មន្រ្តីជាន់ខ្ពស់ នៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងមានការអញ្ជើញចូលរួមពីសំំណាក់បណ្តាប្រទេសហត្ថលេខីទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គរួមមាន៖
កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម រួម នឹងលោក Jeremy Douglas តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋ កម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលជាដៃគូដ៏មានសារៈសំខាន់ រួមទាំង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់និងពិភពលោក បានធ្វើឱ្យកិច្ចប្រជុំអូសបន្លាយពីឆ្នាំ ២០២០ រហូតមកទល់នឹងពេលនេះ។ ទោះយើងទាំងអស់គ្នាកំពុង ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក៏ពិតមែន តែយើងទាំងអស់គ្នាបាន ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការត្រួតពិនិត្យ គ្រឿងញៀន តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពអនុតំបន់ទី១១ ដែលរៀប ចំឡើងដោយអង្គការ UNODC ហើយបានអនុម័តដោយកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីកាល ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទៅក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។
ការអនុវត្តផែនការសកម្មភាពអនុតំបន់ទី១១នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹង យន្តការត្រួតពិនិត្យគ្រឿងញៀន ទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺ កូវីដ១៩ នាពេលបច្ចុប្បន្ន៕
































