(ភ្នំពេញ)៖ អតីតប្រធានគណបក្សអំណាចខ្មែរ ឯកឧត្តម សួន សេរីរដ្ឋា ដែលធ្លាប់រស់នៅ សហរដ្ឋ អាមេរិករាប់ទសវត្ស បានលើកឡើងថា ច្បាប់ដែលអនុម័តដោយសភាអាមេរិក មិនមានប្រសិទ្ធភាព មកចាប់បង្ខំ ឬកំញើញឲ្យកម្ពុជាគោរពនោះឡើយ !
តាមរយៈ បណ្តាញសង្គម Facebook នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម សួន សេរីរដ្ឋា បានលើកឡើងថា ច្បាប់ Cambodia Democracy Acts ហៅថា HR-8646 ដែលក្រុមសភា អាមេរិក អនុម័តនៅថ្ងៃពុធ ទី២៩ កញ្ញា ២០២១ នេះ វាមិនត្រឹមតែឥតប្រយោជន៍ទេ តែវានឹងធ្វើឲ្យ ទំនាក់ទំនងនយោបាយការបរទេសរវាងអាមេរិកនិងកម្ពុជា កើតការល្អក់កករថែមមួយកម្រិតទៀត ក្នុងពេលដែលភាគីអាមេរិកកន្លងមក បានព្យាយាមបង្កើតរឿងមិនពិតដែលថា កម្ពុជាអនុញ្ញាតឲ្យចិន មានមូលដ្ឋានទ័ពលើទឹកដីកម្ពុជានោះ។
ឯកឧត្តម សួន សេរីរដ្ឋាបានបញ្ជាក់ថា«កម្ពុជា ជារដ្ឋអធិបតេយ្យឯករាជ្យ ដែលមានរដ្ឋសភា និងមាន រដ្ឋាភិបាល ។ រដ្ឋាភិបាលកម្ពុជា គោ រពនិងអនុវត្តតែច្បាប់ដែលអនុម័តដោយរដ្ឋសភាកម្ពុជា ដែល ជាស្ថាប័ននីតិបញ្ញត្តិ តំណាងឲ្យឆន្ទៈ របស់ប្រជាពលរដ្ឋខ្មែរ អ្នកបោះឆ្នោតឲ្យតែប៉ុណ្ណោះ ! ។ ច្បាប់ដែលអនុម័តដោយសភាសហរដ្ឋអាមេរិក មិនមានប្រសិទ្ធភាពអ្វីមកចាប់បង្ខំឲ្យ ឬកំញើញឲ្យ កម្ពុជាគោរពនោះឡើយ… វាជាការពិតហើយ ច្បាប់នោះវាបានត្រឹមតែយកទីដំកល់ទុកនៅបណ្ណាល័យ ក្នុងសហរដ្ឋអាមេរិក ទុកឲ្យកូនសិស្ស អ្នក ស្រាវជ្រាវ អ្នកសិក្សា ចូលទៅអានតែប៉ុណ្ណោះ ដើម្បីបាន ដឹងថា ក្នុងមួយអាណត្តិសភាអាមេរិក បានធ្វើច្បាប់អ្វីខ្លះ»។
សេចក្តីស្នើច្បាប់ស្នើស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១ ដែលសភាជាន់ទាបអាមេរិកអនុម័ត ត្រូវបានស្នើឡើងដោយ លោក Steve Chabot អ្នកតំណាងរាស្ត្រ នៃបក្សសាធារណរដ្ឋប្រចាំនៅ រដ្ឋ Ohio និង លោកAlan Lowenthal អ្នកតំណាងរាស្ត្រ នៃគណបក្សប្រជាធិបតេយ្យប្រចាំនៅរដ្ឋ California ដែលអ្នកតំណាងរាស្រ្តទាំង២រូបនេះ តែងចេញមុខវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់នាពេលកន្លងទៅ។ ចេតនានៃការរៀបចំសេចក្តីស្នើច្បាប់នេះ គឺដើម្បីដាក់សម្ពាធមក លើប្រទេសកម្ពុជា។ បន្ទាប់ពីសភាជាន់ទាបអាមេរិកអនុម័ត សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនបន្ត ទៅកាន់ព្រឹទ្ធសភាថែមទៀត។
ជុំវិញករណីនេះ ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១ បានសម្តែងការសោកស្តាយ ចំពោះការរៀបចំសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីជាន់ ខ្ពស់របស់កម្ពុជា ដោយតំណាងរាស្រ្តមួយចំនួនរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ លោកជឿ ជាក់ថា សេចក្ដីស្នើច្បាប់នេះ នឹងមិនអាចក្លាយទៅជាច្បាប់ ដែលត្រូវអនុវត្តដោយលោកប្រធានា ធិបតី ចូ ប៉ៃដិន នោះទេ។
បើតាមឯកឧត្តម សួន សេរីរដ្ឋា, នៅលើឆាកអន្តរជាតិ ថ្វីត្បិតតែកម្ពុជា ជាប្រទេសតូច តែក្នុងឋានៈជា ប្រទេសសមាជិក និងមានអាសនៈនៅអង្គការសហប្រជាជាតិនោះ កម្ពុជាបានបំពេញកាតព្វកិច្ច ជាច្រើននៅក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ UN ដើម្បីបុព្វហេតុមនុស្សធម៌ និងការថែរក្សា សន្តិភាព ជូនប្រទេសសមាជិក UN ។ ដូចនេះ ប្រជាពលរដ្ឋកម្ពុជា មិនអាចទទួលយកការប្រមាថ ណាមួយ ដែលកើតចេញពីនយោបាយឈ្លានពាន លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាន ឡើយ… ពីព្រោះកម្ពុជាបច្ចុប្បន្ន មិនមែនជាកម្ពុជាកាលទសវត្សរ៍ ១៩៧០ នោះទេ៕

































