ឯកឧត្តម ហ៊ុន ម៉ានី និយាយ ការវិលត្រលប់នៃវត្ថុបុរាណខ្មែរ មកមាតុភូមិវិញ មិនត្រឹមតែជាក្តីសប្បាយរីក រាយសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ជាការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយ ដែលបាត់បង់ដោយសារមូលហេតុផ្សេងៗក្នុងអតីតកាល

 (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន ខិតខំតស៊ូប្រឹងប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏ មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ។

តាមរយៈហ្វេសបុកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ «វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ត្រូវបញ្ជូនពី ប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា» ការបញ្ជូនត្រឡប់មកវិញនេះ ធ្វើឡើងតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូប្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការ បញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយក្នុងនោះ មានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្តបន្ទាប់។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំតស៊ូប្រឹង ប្រែងក្នុងការទាមទារបានជាបន្តបន្ទាប់នូវវត្ថុបុរាណនានា ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយ ត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ឱ្យបានវិលចូលមាតុភូមិវិញ។ ជាក់ស្តែង វត្ថុបុរាណ ដែលទទួលបាននាពេលនេះបានឆ្លុះបញ្ចាំងនូវសមិទ្ធផលថ្មីបន្ថែមទៀ់តក្នុងបេសកកម្មដ៏មានតម្លៃនេះ»។ ជាមួយគ្នានេះដែរ «ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានផុ្តល់ កិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយឱ្យដំណើរទទួលបានវត្ថុបុរាណបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ កាយវិការដ៏ប្រពៃនេះ សរបញ្ជាក់ពីចំណងមិត្តភាពដ៏ល្អរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការដែលមានសារៈសំខាន់សម្រាប់ថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិរៀងៗខ្លួន»

កន្លងមក ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលជាបន្តបន្ទាប់នូវវត្ថុបុរាណជាច្រើនត្រលប់មក ពីចក្រភពអង់គ្លេស ដូចជាគ្រឿងអលង្ការមាស សម័យអង្គរ និងវត្ថុបុរាណដទៃផ្សេងទៀត ក៏ដូច ជាបានទទួលពីបណ្តាប្រទេសនានាមានជាអាទិ៍ សហរដ្ឋអាមេរិក ជប៉ុន ថៃជាដើម។  ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា«ការវិលត្រ លប់មកកាន់មាតុភូមិវិញ មិនត្រឹមតែជាក្តីសប្បាយរីករាយសម្រាប់ ប្រជាជនខ្មែរតែប៉ុណ្ណោះទេ តែក៏ជា ការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយ ដែលបាន បាត់បង់ដោយសារមូលហេតុផ្សេងៗ ក្នុងអតីតកាល មកគង់ប្រថាប់ក្នុងទឹកដីនៃព្រះរាជាណាចក្រ កម្ពុជាវិញ»