(កាប៊ុល)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ ២០២១ បានអោយដឹងថា ការបំផ្ទុះគ្រាប់បែកដ៏កក្រើកមួយ ដែលបានកើតមានឡើង ទៅលើព្រះ វិហារមូស្លីម-ស៊ីអ៉ីតមួយកន្លែងឈ្មោះ អ៉ីម៉ាម បារហ្គា (Imam Barga) ស្ថិតក្នុងទីក្រុង កាន់ដាហារ (Kandahar) ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបណ្តាលឲ្យ មនុស្ស ៤៧នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។ ព្រះវិហារកើតហេតុខាងលើនេះ ស្ថិតនៅ ក្នុងសង្កាត់ PD 1 នៃទីក្រុង Kandahar ចំពេលដែលអ្នកប្រតិបត្តិការសាសនាជាច្រើននាក់ បានចូល ថ្វាយបង្គំកាលពីថ្ងៃសុក្រនោះ។ បើតាមសាក្សីដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន ក្នុងតំបន់នោះថា Imam Barga ជាព្រះវិហារធំជាងគេបំផុតប្រចាំទីក្រុង Kandahar ដែលអាច ទទួលអ្នកថ្វាយបង្គំបានរហូតដល់ទៅ ៤,០០០នាក់ឯណោះ។
ប៉ូលិសក្នុងតំបន់បានអះអាងថា កំលុងពេលដែលអ្នកប្រតិបត្តិសាសនា កំពុងតែថ្វាយបង្គំក្នុងព្រះ វិហារ Imam Barga ស្រាប់តែមនុស្សពីរនាក់ បានបាញ់សម្លាប់ឆ្មាំការពារ ហើយសម្រុកចូលទៅ បំផ្ទុះខ្លួនឯង ក្នុងព្រះវិហារដែលពោពេញដោយមនុស្សម្នានោះតែម្តង។ ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការផ្ទុះខាងលើនេះកើតឡើង ក្រុមភេរវករ ISIS បានចេញសេចក្តីថ្លែងការណ៍មួយដោយ បញ្ជាក់ថា ជាទង្វើរបស់ពួកគេ៕

































