(រ៉ង់ហ្គូន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ ២០២១ អោយដឹងថា របបយោធាមីយ៉ាន់ម៉ា បានប្រកាសចាត់ទុកថារបាយការណ៍សិទ្ធិ មនុស្ស ចុងក្រោយបំផុត របស់អង្គការសហប្រជាជាតិ (UN) មានលក្ខណៈញុះញង់ឱ្យមានការប្រព្រឹត្តអំ
ពើហិង្សា និងជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។
ប្រតិកម្មរបស់របបយោធាមីយ៉ាន់ម៉ា កើតមានឡើងបន្ទាប់ពី UN កាលពីថ្ងៃសុក្រសប្ដាហ៍មុន បាន និយាយនៅក្នុងរបាយការណ៍មួយថាខ្លួនមានការព្រួយបារម្ភជាខ្លាំងចំពោះ គ្រោះមហន្តរាយ សិទ្ធិ មនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាពិសេសនៅក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាកងទ័ពរាប់ម៉ឺនាក់ និងអាវុធធុនធ្ងន់ជាច្រើនត្រូវបាន ដាក់ពង្រាយបន្ថែមនៅតាមតំបន់ជាច្រើនស្ថិតនៅ ខាងជើង និងភាគពាយព្យនៃប្រទេស។ យុទ្ធសាស្ត្របែបនេះក៏ត្រូវបានអ្នករាយការណ៍ពិសេស UN ស្ដីពីមីយ៉ាន់ម៉ា លោក Tom Andrews ព្រមានផងដែរថាមានលក្ខណៈដូចគ្នាទៅនឹងយុទ្ធសាស្ត្រ បង្ក្រាបយ៉ាងហិង្សាលើជនជាតិដើមភាគិតិចមូស្លីមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧។
តែទោះយ៉ាងណាក៏ដោយ ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះបានថ្កោលទោសរបាយការណ៍ថ្មីនេះដោយចោទថា UN ប្រើវាជាឧបករណ៍នយោបាយ ដើម្បីលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា។ ក្រសួងមួយនេះបន្ថែមទៀតថារបាយការណ៍របស់ UN មានលក្ខណៈញុះញង់ឱ្យមាន ការប្រព្រឹត្ត អំពើហិង្សា និងបង្កការបែកបាក់ផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើតាមអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា, មនុស្សច្រើនជាង ១,១០០ នាក់ ហើយបានស្លាប់នៅក្នុងភាពចលាចល ចាប់តាំងពីមានព្រឹត្តិការណ៍ ថ្ងៃទី០១ ខែកុម្ភៈ ដែល អន្តរជាតិចាត់ទុកថាជាការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជីមក៕

































