រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អះអាងពីការប្តេជ្ញាចំពោះ ផែនការសន្តិភាពរបស់អាស៊ាន


(ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ បានប្រាប់អោយដឹងថា នៅថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាន បង្ហាញការសន្យាថា នឹងខិតខំផ្តល់កិច្ច សហការតាមតែអាចធ្វើទៅបាន ចំពោះផែនការសន្តិភាព ដែលបានព្រមព្រៀងគ្នាជាមួយអាស៊ាន។

ក្នុងសេចក្តីប្រកាសមួយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របបយោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួន ប្រកាន់ខ្ជាប់នូវ គោលការណ៍រួមរស់ដោយសុខសាន្ត ជាមួយប្រទេសដទៃទៀត ហើយនឹងខិតខំបង្កើន កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងការអនុវត្តផែនការសន្តិភាព៥ចំណុច ដែលត្រូវបានព្រម ព្រៀងគ្នា កាលពីខែមេសា ឆ្នាំ២០២១។

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្រេចមិនអញ្ជើញ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) ឲ្យចូលរួមកិច្ច ប្រជុំកំពូលរបស់អាស៊ាន ដែលត្រូវរៀបចំឡើងក្នុងខែតុលានេះឡើយ ដោយសារតែបរាជ័យ ក្នុងការ អនុវត្តតាមផែនការសន្តិភាពខាងលើ ដែលរួមមានគោលដៅដូចជា បញ្ចប់អំពើហិង្សា, ចាប់ផ្តើមកិច្ច សន្ទនា, បើកទ្វារចំណោះជំនួយមនុស្សធម៌ និងផ្តល់សិទ្ធិបំពេញទស្សនកិច្ចដោយពេញលេញ ដល់បេសកជនពិសេសអាស៊ាន៕