(ព្រះវិហារ)៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធាក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ បានថ្លែងថា ការរីកចម្រើនរបស់ប្រទេសជាតិ នាពេល បច្ចុប្បន្ននេះ គឺក្រោមការការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានមគ្គទ្ទេសក៍ដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ចូលរួមក្នុងពិធីចែកពូជសត្វពពែដល់សហគមន៍ជាំពេន និងចែកអំណោយជូនប្រជាពលរដ្ឋ ក្រីក្រ ចំនួន ២០០គ្រួសារ មកពីភូមិបង្កើនផល និងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា៖ «ម្សិលមិញនេះប្រទេសយើងបានប្រារព្វខួប៣០ឆ្នាំ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ហើយគណបក្សប្រជាជនកម្ពុជា ក៏ជាហត្ថ លេខីមួយក្នុងចំណោមហត្ថលេខីជាច្រើនប្រទេសដែលធ្វើឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះកើតឡើង។ កិច្ចព្រមព្រៀងនេះ បើគ្មានការចូលរួមពីគណបក្សប្រជាជនកម្ពុជាទេ ក៏មិនអាចចេញជា រូបរាងដែរ តាមរយៈការចរចាររបស់សម្តេចព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្យព្រះបរមរតន កោដ្ឋជាមួយនឹងសម្តេចតេជោ ហ៊ុន សែន»។
ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងនេះ បាននាំមកនូវសុខសន្តិភាពតែ ពាក់កណ្តាលទេ ចប់បោះឆ្នោតឆ្នាំ១៩៩៣រួច អ៊ុនតាក់បានត្រឡប់ទៅវិញដោយមិនបានផ្ទេរប្រគល់ ទេ ហើយសង្គ្រាមបានបញ្ចប់នៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះរបស់គណបក្ស ប្រជាជន កម្ពុជា។ សរុបមកវិញឃើញថា ការរីកចម្រើននាពេលបច្ចុប្បន្ននេះ គឺដោយសារតែការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានមគ្គទ្ទេសក៏ដ៏ឆ្នើម គឺសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា បន្តចូលរួមការពារសុខសន្តិភាព ដែលទទួលបានដោយលំបាក ត្រូវប្រឆាំងដាច់ខាតចំពោះអ្នកដែល បំផ្លាញសុខសន្តិភាព អ្នកដែលធ្វើឱ្យមានចលាចលនៅក្នុងប្រទេសយើង និងត្រូវបន្តគាំទ្រនូវយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៦ របស់រាជរដ្ឋាភិបាល ការកែទម្រង់លើគ្រប់វិស័យ ការអភិវឌ្ឍ លើគ្រប់ផ្នែកទាំងអស់ សកម្មក្នុងការចូលរួមអភិវឌ្ឍន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពក្នុង មូលដ្ឋានឲ្យបានល្អ ដោយត្រូវប្រឆាំងបទល្មើសនានារួមមាន៖ បទល្មើសព្រៃឈើ គ្រឿងញៀន ការទន្ទ្រានដីព្រៃ ចរាចរណ៍ ត្រៀមលក្ខណៈក្នុងការគាំទ្រការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសមេឃុំ ចៅសង្កាត់ អាណត្តិទី៥ខាងមុខនេះ។
ទាក់ទងនឹងការផ្តល់ពូជសត្វពពែជូនដល់សហគមន៍ជាំពេនសម្រាប់ចិញ្ចឹមនៅពេលនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានណែនាំដល់អ្នកគ្រប់គ្រងសហគមន៍ ត្រូវមើលថែសត្វពពែនេះឲ្យ បានល្អ ពិសេសអាជ្ញាធរឃុំ ស្រុក ត្រូវតាមដានសកម្មភាពការចិញ្ចឹមនេះឱ្យបានល្អដើម្បីឱ្យការ ចិញ្ចឹមនេះទទួលបានជោគជ័យ សម្រាប់ដំណើរការចិញ្ចឹមនៅតាមឃុំនានាទៀត។
ឯកឧត្តម ក៏អំពាវនាវបន្ថែម ដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តឱ្យបានទៀងទាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ដើម្បីការពារកុំ ឱ្យឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវសំអាងតែលើការបានចាក់វ៉ាក់សាំង និងថ្នាំព្យាបាលនោះទេ៕
































