ក្រសួងការបរទេសប្រកាសពីលទ្ធផលនៃសិក្ខាសាលាផ្សព្វផ្សាយពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា


 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន រៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅតាមស្ថានតំណាងកម្ពុជានៅបរទេស ទាំងអស់។

សិក្ខាសាលាបានធ្វើឡើងកាលពីពេលកន្លងទៅថ្មី ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមធ្វើបទ-អន្តរាគមន៍ដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាអគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានខិតខំ ប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ស្តីពីវិនិយោគ ថ្មីនេះលេចចេញជារូបរាងឡើង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ក៏បានរំលេចពីបច្ច័យអវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្រ្គាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ចសកល និងរំហូរវិនិយោគផ្ទាល់ពីបរទេសទូទាំងពិភព លោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ឯការប្រកួតប្រជែងរបស់មហាអំណាចដែលធ្វើឱ្យប្រែប្រួលសណ្តាប់ធ្នាប់អន្តរជាតិ ក៏បានដាក់សម្ពាធដល់តំបន់អាស៉ី-ប៉ាស៉ីហ្វិក និងបានប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់អង្គការតំបន់នេះជាមួយដៃគូខាងក្រៅ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ជឿជាក់យ៉ាងមុតមាំថា ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគ ថ្មីនេះ ត្រូវបានធ្វើឡើងចំពេលវេលាដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយ វិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិន។ ការដាក់ឲ្យប្រើនូវច្បាប់ថ្មីនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្ដើរៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និងវិនិយោគិន បរទេស ពិសេសទេសចរណ៍ចាក់វ៉ាក់សាំង និងការកំណត់គោលនយោបាយតំបន់ទេសចរណ៍ សុវត្ថិភាព។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះនឹងដើរតួនាទីយ៉ាង សំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមរយៈស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសទាំងអស់ដែលជាសេនាធិការរបស់ក្រសួងកបទ.សអ ក្នុងការកៀរគរដៃគូវិនិយោគថ្មីប្រកបដោយសក្តានុពលខ្ពស់ចូលមក ប្រទេស កម្ពុជា។

ឯកឧត្តម សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ដែលបានចូលរួមជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ ច្បាប់ស្ដីពីវិនិយោគថ្មីនេះជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅតាមស្ថាន តំណាងកម្ពុជានៅបរទេសទាំងអស់ដែលជាយុទ្ធសាស្រ្តដ៏មុតស្រួចក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជា សំដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាពបន្ថែម។

លើសពីនេះឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រចាំរបស់ក្រសួង ការបរទេស ព្រមទាំងស្ថានតំណាងកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់ ដែលជានិច្ចកាលតែងរួម ចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិនិយោគ និងផ្សព្វផ្សាយ ពីបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់ វិនិយោគិនបរទេស៕