ប្រធានាធិបតីអាមេរិក ចូ បៃដិន ថ្លឹងថ្លែងពីតុល្យភាពក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ ខណៈកិច្ចចរចា នុយក្លេអ៊ែរចាប់ផ្ដើមឡើងវិញ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១គឺបានអោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងថ្លឹងថ្លែងពីតុល្យភាព រវាងការគំរាមកំហែង និងការផ្ដល់សម្បទានដើម្បីបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់ ត្រឡប់មកអនុវត្តជាថ្មីនូវកិច្ច ព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ខណៈកិច្ចចរចានុយក្លេអ៊ែរគ្រោងនឹងចាប់ផ្ដើមឡើងវិញនៅក្នុងខែវិច្ឆិកានេះ។

អ៊ីរ៉ង់បានយល់ព្រមបើកកិច្ចចរចាជាថ្មីជាមួយមហាអំណាចលោកខាងលិច នៅឯទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបានចំណាយពេលអស់ ៥ខែមកហើយ ក្នុងការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ដែលបានដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មសេដ្ឋកិច្ច។

ប៉ុន្តែ បច្ចុប្បន្ន អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថានៅតែបន្តបង្កើនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម លើសពីអ្វី ដែលបានកំណត់នៅក្រោមកិច្ចព្រមព្រៀងស្របពេលបណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ក៏បានព្រមានអ៉ីរ៉ង់ផងដែរថាកិច្ចព្រមព្រៀងនេះនឹងប្រែជាគ្មានតម្លៃអ្វីទាំងអស់ ប្រសិនបើអ៊ីរ៉ង់នៅតែបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕