(ភ្នំពេញ)៖ កំណាត់ផ្លូវប្រវែងជិត៧គីឡូម៉ែត្រ ទទឹង១២ម៉ែត្រ ឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងរាជធានី ភ្នំពេញ ដែលជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនប្រជាពលរដ្ឋ នៅជាយក្រុង ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ បើកការដ្ឋានជួសជុល និងពង្រីកឲ្យធំជាងមុន ក្រោយពីកំណាត់ផ្លូវនេះទទួលរងការខូចខាត ដោយទឹកភ្លៀងនាពេលកន្លងមក។
ពិធីបើកការដ្ឋាននេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោយផ្ទុះព្រឹត្តិការណ៍ជំងឺកូវីដ១៩ ការដ្ឋានមួយចំនួនត្រូវ បានផ្អាក ប៉ុន្តែក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសជាប្រក្រតីឡើងវិញនោះ ថ្ងៃនេះគឺជាការដ្ឋានទី១ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការស្ថាបនាផ្លូវមួយខ្សែ ប្រវែងជិត ៧គីឡូម៉ែត្រនេះឡើងវិញ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា កំណាត់ផ្លូវ១ខ្សែនេះ គឺជាចំណងដៃរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅក្នុងសង្កាត់ និងខណ្ឌចំនួន៣ ដែលមានដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែក ព្នៅ។ឯកឧត្តម ឃួង ស្រេង បន្តទៀតថា សម្តេចតេជោ មិនត្រឹមតែរំដោះប្រទេសជាតិ ពីចំណុចសូន្យ និងធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងប៉ុណ្ណោះទេ សម្ដេចនៅបានគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋថែមទៀត។ ជាក់ស្តែងនៅដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩នេះ សម្ដេចបានខិតខំស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីរកវ៉ាក់សាំងការពារកូវីដ១៩ មកចាក់ជូនបងប្អូនប្រ ជាពលរដ្ឋអោយបានគ្រប់គ្នា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះផងដែរ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យបងប្អូនប្រជា ពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី១ ដូសទី២ ដូសទី៣ ឬហៅដូសជំរុញ នោះ សូមទៅទទួលការ ចាក់វ៉ាក់សាំង នៅតាមមណ្ឌលសុខភាពនានា នៅក្នុងខណ្ឌរបស់ខ្លួន ហើយ អាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវតែជួយសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបានទទួលការចាក់ វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា៕

































