សហរដ្ឋអាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អោយដឹងថា សហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសរុស្ស៊ី នៅថ្ងៃចន្ទ សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំពោះការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណប នៅទី អវកាស ដែលសហរដ្ឋអាមេរិកផ្ទាល់ចាត់ទុកថា ជាទង្វើ «គ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ»

ទីក្រុងវ៉ាស៊ីនតោនមិនបានពន្យល់លម្អិត អំពីការធ្វើតេស្តរបស់រុស្ស៊ីខាងលើនេះឡើយ ប៉ុន្តែលើក នេះត្រូវបានគេដឹងថា ជាលើកទី ៤ ហើយដែលការធ្វើតេស្តកម្ទេចផ្កាយរណប ដោយគ្រាប់មីស៊ីល បាញ់ចេញពីលើដី ត្រូវបានធ្វើឡើង។ សហរដ្ឋអាមេរិកបានអះអាងទៀតថា ខ្លួននឹងបើកកិច្ចពិភាក្សា ជាមួយសម្ព័ន្ធមិត្តទាំងអស់ អំពីបញ្ហានេះ។

កន្លងមកនេះ ក្រុមអ្នកជំនាញអន្តរជាតិធ្លាប់បានព្រមានថា ការប្រកួតប្រជែងសព្វាវុធ ដែលឈានទៅ ដល់ទីអវកាសបែបនេះ នឹងកាន់តែបង្កភាពគ្រោះថ្នាក់ខ្លាំងឡើង ក្នុងនោះក៏មានការផលិតផ្កាយ រណប ដែលអាចរុញច្រានផ្កាយរណបដូចគ្នា ចេញពីគន្លងតារាវិថី ព្រមជាមួយអាវុធឡាស៊ែរផង ដែរ៕