លោក គីម ជុងអ៊ុន បង្ហាញវត្តមានឡើងវិញ នៅឯការដ្ឋានសាងសង់ទីក្រុងទំនើប ស្ថិតនៅជិតព្រំដែនចិន

 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េ ខាងជើង KCNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា មេដឹកនាំកំពូល កូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបង្ហាញវត្តមាន ជាសាធារណៈវិញហើយ បន្ទាប់ពីការបាត់មុខអស់ ១ខែ ដើម្បីត្រួតពិនិត្យមើលគម្រោងអភិវឌ្ឍដ៏ សំខាន់មួយ នៅជិតព្រំដែន ជាមួយប្រទេសចិន ដែលលោកបានចង្អុលបង្ហាញពី «ឆន្ទៈដ៏រឹងមាំបំផុត» របស់ប្រទេសលោក ដើម្បី សម្រេចបាននូវភាពចម្រុងចម្រើន ខណៈប្រទេសជាតិកំពុងប្រឈម នឹងសម្ពាធពីអន្តរជាតិ។

បើតាម KCNA, លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក ទៅកាន់ទីក្រុងទំនើប សាំជីយ៉ុន (Samjiyon) ជុំវិញវឌ្ឍនភាពនៃការសាងសង់នៅក្នុង តំបន់ ដែលលោកហៅថាជា «កន្លែងពិសិដ្ឋបំផុតប្រចាំឧបទ្វីបកូរ៉េ»។ ទីក្រុងទំនើប Samjiyon ស្ថិត នៅក្បែរភ្នំ ផេកទូ (Paektu) ជាទីដែលគ្រួសារត្រកូល គីម ចាត់ទុកថាជាកន្លែងកំណើតរបស់ខ្លួន។

KCNA បាននិយាយបន្ថែមថា ការសាងសង់នៅទីក្រុង Samjiyon អាចត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២១នេះ ដែលអាចផ្តល់ឱ្យលោក គីម នូវសមិទ្ធផលជ័យជំនះដែលត្រូវការយ៉ាងខ្លាំង ខណៈ លោកនឹងឈានដល់រយៈពេល ១ទសវត្សរ៍នៅក្នុងការគ្រប់គ្រងប្រទេស ចាប់តាំងពីការឡើងកាន់ អំណាច បន្ទាបពីអតីតមេដឹកនាំកំពូល គីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់លោក បានទទួល មរណភាពកាលពីខែធ្នូ ឆ្នាំ២០១១៕