សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យត្រៀមលក្ខណសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់ នៅឆ្នាំ២០២២ និងជ្រើសតាំងតំណាងរាស្ដ្រ នៅឆ្នាំ២០២៣


 (ភ្នំពេញ)៖  តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីលទ្ធផលនៃសម័យប្រជុំ ពេញអង្គគណៈរដ្ឋមន្ដ្រី ដែលទទួលបាននៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ គឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំឲ្យត្រៀមលក្ខណៈសម្បត្តិសម្រាប់ការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣។

នៅត្រង់ចំណុចបញ្ហាផ្សេងៗ នៃលទ្ធផលរបស់កិច្ចប្រជុំនេះ បានបញ្ជាក់បែបនេះថា «សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវត្រៀមលក្ខណសម្បត្តិឲ្យបានគ្រប់ គ្រាន់សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ២០២២ និងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ»។

ប៉ុន្ដែទោះជាយ៉ាងណា ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ មិនបានបញ្ជាក់អំពី តើអ្វីជាការត្រៀម លក្ខណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នោះទេ។

សូមជម្រាបថា យោងតាមកាលបរិច្ឆេទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានឃុំ-សង្កាត់ចំនួន១,៦៥២ និងមានសមា ជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន១១,៦២២នាក់។

គ.ជ.ប ក៏ទើបតែបានបិទបញ្ចប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១កន្លង ទៅថ្មីៗនេះផងដែរ ដែលមានរយៈពេល៤៥ថ្ងៃ ក្នុងនោះ មានប្រជាពលរដ្ឋដែលបានទៅចុះឈ្មោះ បោះឆ្នោតថ្មីចំនួន ៤៣៣,៦៧៤នាក់។

ដោយឡែក សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រវិញ គឺត្រូវធ្វើឡើងរៀងរាល់៥ ឆ្នាំម្ដង ខណៈកាលពីនីតិកាលទី៦កន្លងទៅ បានប្រព្រឹត្តធ្វើឡើងនៅឆ្នាំ២០១៨ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី និងដឹកនាំរាជ រដ្ឋាភិបាលបច្ចុប្បន្ន៕