(ភ្នំពេញ)៖ ឯកឧត្តម អាន សុខខឿន តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបាន សម្តែងការសោកស្តាយ ដែលសហរដ្ឋអាមេរិក ជាប្រទេសដែលពូកែទូន្មានប្រទេសដទៃ បាននិង កំពុងជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារ ពីរ និងការលាក់ពុតត្បុត។
ការលើកឡើងរបស់តំណាងកម្ពុជាបានធ្វើឡើងដោយឆ្លើយតបចំពោះការវាយប្រហារបស់ប្រតិភូសហរដ្ឋអាមេរិក លើបញ្ហាសិទ្ធិមនុស្ស និងគណបក្សនយោបាយ នៅកិច្ចពិភាក្សាទូទៅលើរបៀបវារៈ ទី២ ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

តំណាងកម្ពុជា បានលើកឡើងថា ប្រការដែលសហរដ្ឋអាមេរិកយកបញ្ហាសិទ្ធិមនុស្ស មកប្រើជាអាវុធ វាយប្រហារ ដើម្បីបម្រើរបៀបវារៈនយោបាយ ត្រូវបានគណៈប្រតិភូជាច្រើននៅក្នុងក្រុមប្រឹក្សាសិទ្ធិ មនុស្សដ៏ឧត្ដុង្គឧត្ដមនេះ បានដឹងឮយ៉ាងច្បាស់។ ទន្ទឹមនឹងការអំពាវនាវឱ្យគណៈប្រតិភូខាងលើ ធ្វើការវាយតម្លៃព័ត៌មានឱ្យបានម៉ត់ចត់ និងមិនធ្វើនយោបាយូបនីកម្ម លោកសូមឆ្លៀតឱកាសនេះ លើកឡើងនូវការពិតមួយចំនួនអំពីកម្ពុជា ដូចតទៅ៖
ទី១៖ ការថ្លែងថា គណបក្សប្រឆាំងគឺជាគោលដៅនៃការវាយប្រហារ គឺពុំត្រឹមត្រូវទាល់តែសោះ។ ការចូលរួមជាមួយគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ មិនមែនជាអាជ្ញាប័ណ្ណ ដើម្បីប្រព្រឹត្តល្មើសច្បាប់ដោយនិទណ្ឌភាពឡើយ។ បុគ្គលរងការចោទប្រកាន់ គឺផ្អែកលើមូលដ្ឋាននៃ បទល្មើសដែលកំណត់ដោយច្បាប់ ពុំមែនដោយសារបុគ្គលនោះជានរណានោះទេ។ ឧទាហរណ៍ជាច្រើនបានបង្ហាញថា បុគ្គលគាំទ្របក្សកាន់អំណាច ក្នុងករណីបំពានច្បាប់ក៏ត្រូវបាន ផ្តន្ទាទោស ដោយតុលាការដូចគ្នារបស់កម្ពុជា។
ទី២៖ យើងខ្ញុំជំទាស់ចំពោះការចោទប្រកាន់អំពីការបិទលំហសង្គមស៊ីវិល។ តួលេខប្រាប់ពីការពិតបាន។ ប្រសិនសេរីភាពសង្គមស៊ីវិលត្រូវបានរឹតត្បិត ចុះហេតុអ្វីបានជាចំនួន អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី នៅតែបន្តកើនឡើងរហូតដល់ចំនួនជិត ៦០០០ អង្គការ? ការពិតនោះគឺថា ការចោទប្រកាន់ខាងលើ កើតចេញពីអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់ តូច ដែលមាននិន្នាការធ្វើនយោបាយូបនីកម្មខ្លាំងក្លា និងបានទទួលថវិកាគាំទ្រពីបរទេស ខំស្រែក ទាមទារតម្លាភាព ក៏ប៉ុន្តែអង្គការទាំងនោះបែរជាបដិសេធមិនបង្ហាញនូវតម្លាភាពអំពីអង្គភាព ខ្លួនទៅ វិញ។ ដើម្បីដោះស្រាយកង្វល់របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការងារធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានពិនិត្យរួច ហើយលើមាត្រាចំនួន១១ ក្នុងចំណោម ១៤ មាត្រា ដែលអង្គការសង្គមស៊ីវិលបានស្នើសុំធ្វើវិសោធន កម្ម។ អង្គការសង្គមស៊ីវិលក៏ទទួលបានអត្ថប្រយោជន៍ពី វេទិកាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាល ពីរដងក្នុងមួយឆ្នាំផងដែរ។
ទី៣៖ ដោយពេលវេលាមានកំណត់ យើងខ្ញុំសូមស្នើគណៈប្រតិភូសហរដ្ឋអាមេរិកស្វែងយល់ អំពី សេចក្តីថ្លែងការណ៍របស់យើងខ្ញុំ ដែលបានថ្លែងនៅមុននេះបន្តិច ទាក់ទងនឹងសំណួរនៃការប្រមូល ផ្តុំដោយសន្តិវិធី និងសិទ្ធិធ្វើកូដកម្ម។
ឯកឧត្តម អាន សុខឿន បានលើកឡើងដូច្នេះថា៖ «ការតស៊ូមតិដើម្បីសិទ្ធិមនុស្សចាំបាច់ត្រូវតែចាប់ ផ្តើមពីប្រទេសខ្លួនឯងជាមុនសិន។ គួរឱ្យសោកស្តាយ ប្រទេសដែលពូកែទូន្មានគេនេះ បាននិងកំពុង ជួបប្រទះជាច្រើនឆ្នាំមកហើយ នូវបញ្ហាប្រឈមជាប្រព័ន្ធក្នុងផ្នែកសិទ្ធិមនុស្ស រួមទាំងស្តង់ដារពីរ និងការលាក់ពុតត្បុត»។
បើតាម តំណាងកម្ពុជារូបនេះ, នៅឆ្នាំ ២០២១ មនុស្សជាង៧០០ នាក់ ដែលបានបញ្ចេញមតិផ្ទុយ នៅសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើស បន្ទាប់ពីបានសម្រុកចូលវិមាន សភា។ ក្នុងឆ្នាំដដែលនោះ អ្នកកាសែតជាង ៥០នាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន នៅទូទាំងសហ រដ្ឋអាមេរិក។ គណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់អតីតប្រធានាធិបតី ដែលមានទស្សនៈផ្ទុយ ក៏ត្រូវបានគេហាមឃាត់។ បញ្ជីនៃបញ្ហាសិទ្ធិមនុស្សនេះនៅមិនទាន់អស់នៅឡើយ។
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទូចឱ្យគណៈប្រតិភូសហរដ្ឋអាមេរិក យកចិត្តទុកដាក់ចំពោះការអំពាវនាវរបស់ លោក António Guterres អគ្គលេខាធិការអង្គការសហ ប្រជាជាតិ ដែលបានសង្កត់ធ្ងន់ នាពេលកន្លងមកថា «សិទ្ធិមនុស្សមិនត្រូវប្រើជាអាវុធវាយប្រហារ ប្រទេសដទៃ ដោយស្តង់ដារពីរឡើយ» ប្រសិនបើយើងចង់រក្សាបាននូវសុច្ចរិតភាព និងភាពជឿជាក់ ខ្ពស់បំផុត របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
ឯកឧត្តម បានបន្ថែមថា៖ ការលើកតម្កើងសិទ្ធិ និងសេរីភាពទាំងអស់ គឺជាគោលដៅចុងក្រោយ របស់គ្រប់ ប្រទេសទាំងអស់ ដែលប្រៀបបានទៅនឹងការឡើងទៅកាន់កំពូលភ្នំ។ ដូចដែល លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ប្រទេសនី មួយៗមានសិទ្ធិជ្រើសរើសអនាគត និងមាគ៌ារបស់ខ្លួន៕

































