រសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្ម ការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា ដើម្បីឱ្យដំណើរការ សាងសង់អគារសាលាខេត្តថ្មី ប្រកបដោយតម្លាភាព និងបញ្ចប់តាមការគ្រោងទុក យើងបានបង្កើត គណៈកម្មការដើម្បីគ្រប់គ្រង តាមដាន និងត្រួតពិនិត្យការសាងសង់។ មកដល់ពេលនេះយើងបានជួលក្រុមហ៊ុនចំនួន៤ មានដូចជា៖ ក្រុមហ៊ុនខួងគ្រឹះ ក្រុមហ៊ុនគ្រឿងបង្គំ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងក្រុមហ៊ុនបេតុង ជាមួយគ្នានេះយើងក៏ត្រូវការក្រុមហ៊ុនជាច្រើនទៀត ក្នុងការគ្រប់គ្រងសម្ភារៈក្នុងដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា កាសាងសង់សំណង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ ក៏ជាការរៀន សូត្រនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់បង្កើនសមត្ថភាពមន្រ្តីរបស់យើង ក្នុងការគ្រប់គ្រង សំណង់នានា ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាពសម្រាប់ការគ្រប់គ្រង។ ដូច្នេះក្រុមការងារនីមួយៗត្រូវចូលរួមទទួលខុសត្រូវគ្រប់គ្រងឱ្យមានតម្លាភាព ដើម្បីឱ្យដំណើរការ សាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីរបស់យើងប្រព្រឹត្តទៅរលូន និងបញ្ចប់រួចរាល់តាមការ គ្រោងទុក៕

































