រុស្ស៉ី ថាអាវុធរបស់លោកខាងលិច មិនអាចរារាំងគោលដៅរបស់ខ្លួន នៅអ៊ុយក្រែនឡើយ


 (មូស្គូ)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក នីកូឡៃ ប៉ាទ្រូសេវ (Nikolay Patrushev) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សព្វាវុធដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូន ទៅកាន់អ៊ុយក្រែន នឹងមិនមានឥទ្ធិពលអ្វីលើប្រតិបត្តិការយោធារបស់រុស្ស៉ី ដែលកំពុងបន្តនោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពី សារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ ២០២២។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅឯទីក្រុងខាបារ៉ូវស្ក៍ (Khabarovsk) នៃតំបន់ស៊ីបេរី លោក ប៉ាទ្រូសេវ ដែលធ្លាប់ជាប្រធានទីភ្នាក់ងារផ្នែកសន្តិសុខប្រចាំតំបន់នេះ បានគូសបញ្ជាក់ថា «រុស្ស៉ី នឹងសម្រេចគោលដៅរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក និងលោកខាងលិចផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនក៏ដោយ»។ លោក ប៉ាទ្រូសេវ បានបន្ថែមថាប្រតិបត្តិការយោធារបស់រុស្ស៉ី ធ្វើឡើង មិនមែនត្រឹមតែដើម្បីសន្តិសុខរុស្ស៉ីប៉ុណ្ណោះទេ តែក៏ដើម្បីពិភពលោកទាំងមូលផងដែរ ដោយលោក ចង់សំដៅលើ ការរីករាលដាលនៃមនោគមវិជ្ជាណាហ្ស៉ីសម័យថ្មី និងមន្ទីរពិសោធន៍ជីវសាស្ត្រ អ៊ុយក្រែន ដែលមានទំនាក់ទំនងជាមួយមន្ទីរបញ្ចកោណ។ យ៉ាងណាក៏ដោយ ទាំងអាមេរិក និង អ៊ុយក្រែន សុទ្ធតែធ្លាប់ច្រានចោលការចោទប្រកាន់បែបនេះ។

សូមបញ្ជាក់ថា កាលពីចុងខែមិថុនាកន្លងទៅ នៅក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង លោក ពូទីន ធ្លាប់បាននិយាយថា គោលបំណងរបស់ រុស្ស៊ីនៅអ៊ុយក្រែន គឺមិនបានផ្លាស់ប្តូរទេ ដែលគោលដៅចុងក្រោយគឺរំដោះតំបន់ដុនបាស់ (Donbass) ដើម្បីការពារប្រជាជន និងបង្កើតលក្ខខណ្ឌ ដែលនឹងធានាសុវត្ថិភាពដល់សន្តិសុខ របស់រុស្ស៊ី៕