(ប៉ារីស)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ បញ្ជាក់ថា បារំាង នៅថ្ងៃអង្គារសប្តាហ៍នេះ បានជំរុញឱ្យនាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន នៃប្រទេសអ៉ីស្រាអែល គឺលោក យែរ ឡាភីដ (Yair Lapid) ចាប់ផ្តើមកិច្ចចរចា សន្តិភាពជាមួយ ប៉ាឡេស្ទីនឡើងវិញ ប៉ុន្តែលោក ឡាភីដ ហាក់ដូចជាមិនបានចាប់អារម្មណ៍ចំពោះសំណើនេះទេ ខណៈអ៉ីស្រាអែលកំពុងត្រៀមរៀបចំការបោះឆ្នោត សកល នៅខែវិច្ឆិកាខាងមុខ។

មុនពេលចាប់ផ្តើមកិច្ចប្រជុំរវាងមេដឹកនាំបារំាំង និងអ៉ីស្រាអែល ក្នុងទីក្រុងប៉ារីស លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា «ប្រជាជនអ៉ីស្រាអែលមាន សំណាងដែលមានលោក ឡាភីដ ជានាយករដ្ឋមន្រ្តី»។ លោក ម៉ាក្រុង បានបន្ថែមថាវាគ្មានជម្រើស អ្វីផ្សេងទេ ក្រៅពីកិច្ចសន្ទនានយោបាយ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៉ីសា្រអែល និងប៉ាឡេ ស្ទីន ហើយលោកផ្ទាល់ជឿថាលោក ឡាភីដ អាចបង្កើតប្រវតិ្តសាស្រ្តថ្មីប្រសិនបើលោកចាប់ផ្ដើម កិច្ចចរចា សន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ឡាភីដ ហាក់មិនបានចាប់អារម្មណ៍នឹងសំណើ នេះទេ ដោយលោកបានប្រាប់អ្នកយកព័ត៌មានដូច្នេះថា «យើងបាននិយាយអំពីបញ្ហាប៉ាឡេស្ទីនដែរ តែវាមិនមែនជាផ្នែកដ៏សំខាន់នៃកិច្ចពិភាក្សានោះទេ។ មួយវិញទៀត លោក ឡាភីត បានបញ្ជាក់ថា លោកមិនបានច្រានចោល ជំនួបពិភាក្សាជាមួយមេដឹកនាំប៉ាឡេស្ទីន លោក ម៉ាស់ម៉ូដ អាបាស់ (Mahmoud Abbas) ឡើយ ប៉ុន្តែវាទំនងជាមិនកើតឡើងក្នុងរយៈពេល ៤ខែខាងមុខនោះទេ៕
































